កងទ័ពអាមេរិកប្រកាសច្រឡំពីការរៀបចំចាកចេញពីអីុរ៉ាក់
ប្រទេសអ៊ីរ៉ាក់ ៖ ក្រុមចម្រុះក្រោមបញ្ជាអាមេរិក ដែលបង្កើតឡើងដើម្បីប្រយុទ្ធជាមួយពួកជីហាដក្រុមរដ្ឋអ៊ិស្លាម ប្រកាសនាថ្ងៃទី៦មករាក្នុងសារលិខិតមួយច្បាប់ថា ខ្លួននឹងចាកចេញពីអ៊ីរ៉ាក់នាពេលខាងមុខនេះ យោងតាមសេចក្ដីសម្រេចរបស់សភាប្រទេសនេះ។
គេពុំបានដឹងថាតើវិធានការនេះទាក់ទិនដល់ទាហានអាមេរិកទាំងអស់នៅអ៊ីរ៉ាក់ ដែលមានប្រមាណជា៥០០០នាក់ដែរឬយ៉ាងណាឡើយ។ ក៏ប៉ុន្តែបន្ទាប់មក សហរដ្ឋអាមេរិកអះអាងនាថ្ងៃនោះដែរថា ខ្លួនបានធ្វើការប្រកាសច្រឡំថា រៀបចំដកថយចេញពីអ៊ីរ៉ាក់ បន្ទាប់ពីសភាប្រទេសនេះទាមទារបណ្ដាញកងទាហានបរទេសចេញ ជាការឆ្លើយតបចំពោះការធ្វើឃាតនៅក្រុងបាដាដ ឧត្ដមសេនីយអ៊ីរ៉ង់ដ៏មានឥទ្ធិពលលោកកាសេមសូឡីម៉ានី ដែលយំ់កាន់ទុក្ខដោយពលរដ្ឋអ៊ីរ៉ង់ច្រើនលាននាក់។

យោងតាមអ្នកទទួលខុសត្រួវយោធាអាមេរិកមួយរូបនៅក្រុងបាដាដថា មេបញ្ជាការកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ បានប្រគល់ដោយដៃខ្លូនផ្ទាល់លិខិត១ច្បាប់ដល់ជនលេខ២ នៃកងទ័ពអ៊ីរ៉ាក់ដោយនិយាយប្រាប់ថាគោរពសេចក្ដីសម្រេចអធិបតេយ្យរបស់សភាអ៊ីរ៉ាក់ ដែលបញ្ជាឲ្យចាកចេញ។ ប៉ុន្តែបន្តិចក្រោយមកនាយសេនាធិការកងទ័ពអាមេរិកនៅក្រុងវ៉ាស៊ិនតោន ប្រកាសថា នោះជាការច្រឡំមួយទេ។ សារលិខិតនេះមិនសមស្របនឹងគំនិតនាពេលបច្ចុប្បន្នរបស់យើងឡើយ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោកMARK ESPER។
ប៉ុន្តែនៅក្រុងបាដាដស្នូរម៉ាស៊ីនរបស់បណ្ដាឧទ្ធម្ភាគចក្រ លាន់់ឮមិនឈប់ឈរខណៈមានពាក្យលេចឮថា ចលនារបស់ឧទ្ធម្ភាគចក្របែបនេះហាក់ជាសញ្ញាសម្រាប់ឈានទៅដកថយ។ បន្ទាប់ពីការអុម័តរបស់សភាអ៊ីរ៉ាក់កាលពីថ្ងៃទី៥មករា ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានគំរាមដាក់ទណ្ឌកម្មអ៊ីរ៉ាក់យ៉ាងខ្លាំងក្លាបំផុត។
លើរណសិរ្សការទូត មានការអំពាវនាវកាន់តែច្រើន ឲ្យមានការអត់ធ្មត់និងកាត់បន្ថយភាពតានតឹង ខណៈមានការដំឡើងវោហាសាសន៍ដាក់គ្នារវាងក្រុងវ៉ាស៊ិនតោននិងក្រុងតេហេរ៉ង់។ អាមេរិកអះអាងនាថ្ងៃទី៦មករា បដិសេធមិនផ្ដល់ទិដ្ឋាការឲ្យរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលគ្រោងមកចូលរួមក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប៕
ប្រភព៖ https://kohsantepheapdaily.com.kh/