កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេនៅលើពិភពលោក, អ្នកជំនាញថា កេរ្តិ៍ឈ្មោះល្អនេះជួយទាក់ទាញទេសចរ ពេលបើកប្រទេសវិញ

(ភ្នំពេញ)៖ ក្រោយការស្តង់មតិពីអ្នកទេសចរនៅលើពិភពលោក ដោយវែបសាយអន្តរជាតិមួយឈ្មោះ «Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World’s Friendliest Countries» បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៊ីនធើណេតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត នៅលើពិភពលោក។
កាលពីពេលកន្លងទៅ Rough Guides ដែលជាក្រុមហ៊ុនជំនាញខាងទេសចរណ៍ មានស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានដាក់ការស្ទង់មតិមួយ នៅលើបណ្តាញសង្គម Twitter និង Facebook របស់ខ្លួន អំពីប្រទេសដែលមានភាពរួសរាយរាក់ទាក់ ជាងគេបំផុតលើពិភពលោក។
នៅក្នុងលទ្ធផលស្តង់មតិនេះ Rough Guides បានលើកឡើងថា «រហូតមកដល់ពេលនេះប្រទេសកម្ពុជា គឺបានស្ថិតក្នុងកំពូលតារាង នៅក្នុងការស្ទង់មតិរបស់យើង ដែលជាជម្រើសដ៏មានប្រជាប្រិយក្នុងចំណោមបុគ្គលិក និងអ្នកតាមដាន Rough Guides នៅលើ Twitter ដូចគ្នា»។
អ្នកចូលរួមផ្តល់មតិយោបល់ម្នាក់ គឺលោកស្រី Andrea Leber បាននិយាយថា «ពួកគេ (ប្រជាជនកម្ពុជា) បានឆ្លងកាត់ការលំបាកច្រើន ប៉ុន្តែពួកគេនៅតែមានស្នាមញញឹមនៅលើមុខ»។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ តុលា ឆ្នាំ២០២១នេះថា លទ្ធផលស្តង់មតិនេះគឺត្រឹមត្រូវបំផុត ព្រោះពីបុរាណកាលដើមមក ប្រជាជនកម្ពុជាត្រូវបានចាត់ទុកថា មនុស្សដែលមានភាពរួសរាយរាក់ទាក់ និង តែងតែផ្តល់នូវស្នាមញញឹមដល់អ្នកទេសចរគ្រប់ជាតិសាសន៍ និងអ្នកភូមិផងរបងជាមួយ រាប់ចាប់តាំងពីអ្នករស់នៅតាមស្រុកស្រែជនបទ និងប្រតិបត្តករទេសចណ៍។
លោកស្រីបន្ថែមថា តាមរយៈការស្តង់មតិរបស់ Rough Guides និងស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលបានផ្សព្វផ្សាយនៅលើពិភពលោក នឹងធ្វើឱ្យកម្ពុជាកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទាក់ទាញភ្ញៀវទេស ឱ្យមកកម្សាន្តនៅកម្ពុជានាពេលខាងមុខ ខណៈដែលកម្ពុជាគ្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ នៅចុងឆ្នាំនេះ។
លោកជំទាវគូសបញ្ជាក់យ៉ាងដូច្នេះថា «កេរ្តិ៍ឈ្មោះក៏ដូចជាការផ្តល់ពិន្ទុឱ្យកម្ពុជាថា ជាអ្នករួសរាយរាក់ទាក់ជាងគេ គឺជាកេរ្តិ៍ឈ្នោះដ៏ល្អរបស់កម្ពុជា ដែលនឹងទាក់ទាញភ្ញៀវទេសចរ ដែលនឹងគម្រោងធ្វើដំណើរក្រោយពីវិបត្តិ។ អ្នកទេសចរ គឺគេដើរលេង កាលណាគេដើរលេងគេចង់បានបដិសណ្ឋារកិច្ចល្អ គេចង់បានការទទួល ភាពរួសរាយរាក់ទាក់ គេចង់បានចឹង។ អ៊ីចឹងវាជាផ្នែកមួយនៅក្នុងការ ទាក់ទាញឱ្យគេគិតដែរថា គេគួរតែទៅប្រទេសណា ដែលមានភាពរួសរាយរាក់ទាក់ វាធ្វើឱ្យដំណើរកម្សាន្តរបស់គេកាន់តែមានគុណភាពទៀត»។
ក្រៅពីកម្ពុជា មានប្រទេសចំនួន ៩ទៀត ត្រូវបានអ្នកទេសចរអន្តរជាតិចាត់ទុកថា ជាប្រទេសមានភាពរួសរាយរាក់ទាក់ផងដែរ ដែលភាគច្រើនជាប្រទេសនៅក្នុងតំបន់អាស៊ាន។
ប្រទេសដែលឈរនៅលេខរៀងបន្ទាប់ពីកម្ពុជា គឺប្រទេសហ្វីលីពីន ដែលស្ថិតក្នុងលេខរៀងទី ២ និងតាមពីក្រោយដោយប្រទេសឡាវ ដែលទទួលបានចំណាត់លេខ ៣ និងប្រទេសណេប៉ាល់ ជាប់ចំណាត់លេខ ៤។ ចំណែកថៃដែលល្បីល្បាញខាងទេសចរណ៍ ឈរនៅលេខរៀងទី ៥ ខណៈដែលប្រទេសសមាជិកអាស៊ាន ២ ទៀតគឺ មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់ ៦ និងឥណ្ឌូនេស៊ី ជាប់ចំណាត់លេខ ៧។ រីឯប្រទេសដែលទទួលបានចំណាត់ទី ៨ គឺប្រទេសហ្វីជី ក្នុងពេលដែលប្រទេសស្កុតលែន ជាប់ចំណាប់ថ្នាក់ទី ៩ និងចុងក្រោយ គឺប្រទេសស្រីលង្កា ទទួលបានចំណាត់ថ្នាក់ទី ១០៕
ប្រភព៖ FreshNews

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online