កម្ពុជាត្រៀមខ្លួនជាថ្មីម្តងទៀតសម្រាប់ក្រុមហ៊ុនជប៉ុន១៦០ចាប់អារម្មណ៍លើការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍នៅកម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុនរបស់ប្រទេសជប៉ុនចំនួន១៦០បាន និងកំពុងចាប់អារម្មណ៍លើសក្តានុពលវិនិយោគ លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគន៍នៅកម្ពុជា ខណៈបច្ចុប្បន្ននេះ វិស័យនេះបាននឹងកំពុងមានការរីកចំរើនខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោក Masahiro Miyao ប្រធានតំណាងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន(JTRO) មានមានប្រសាសន៍ក្នុងពិធីបើកនៅក្នុងសិក្ខាសាលា តាមប្រព័ន្ធអនឡាញស្តីពីការវិវត្តន៍នៃប្រព័ន្ធឌីជីថលនៅកម្ពុជា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២០កន្លងមកបានឲ្យដឹងថា ក្រុមហ៊ុន ជប៉ុនមានចំណាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នៅកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងនិងវិនិយោគលើវិស័យនេះ។
លោកបន្តថា “ថ្ងៃនេះសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបញ្ជ្រាបព័ត៌មានអំពីវិស័យសក្កដានុពល និងវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍នេះដល់ធុរជនជប៉ុន”។
លោកបន្តថា គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីការវិវត្ត នៃប្រព័ន្ធឌីជីថលរបស់ទីផ្សារកម្ពុជា ដល់ក្រុមហ៊ុនជប៉ុន និងដើម្បីផ្តល់ឱកាសសម្រាប់បង្កើត ទំនាក់ទំនងធុរកិច្ចរវាងធុរជនកម្ពុជា–ជប៉ុនពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍។
លោកបន្ថែមថា “កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានសក្កដានុពលទីផ្សារខ្ពស់ ចំណែកប្រព័ន្ធច្បាប់កម្ពុជាវិញមានភាពបើកចំហ និងអំណោយផល បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង”។ លោកបន្តថា “លើសពីនេះកម្ពុជា មានចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃច្រើនដែលតភ្ជាប់ប្រព័ន្ធអ៊ីនធើណិត ហើយនិយោជិតភាគច្រើន អាចធ្វើការទូទាត់ដោយខ្លួនឯងតាមប្រព័ន្ធឌីជីថល”។

សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានឯកភាពថា នឹងបន្តសហការគ្នា ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗនាពេលខាងមុខ ដើម្បីផ្ដល់ព័ត៌មាន និងផលប្រយោជន៍ដល់ធុរជនទាំងសងខាង ខណៈធុរជនជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ លើការអភិវឌ្ឍកម្មវិធីSoftware កសិឧស្សាកម្ម ចំណីអាហារ និងវិស័យមួយចំនួនទៀត ហើយបានស្នើសុំព័ត៌មានលម្អិត អំពីអ្នកប្រើប្រាស់អ៊ិនធើណិត និងនិន្នាការអ្នកប្រើប្រាស់អ៊ិនធើណិត៕
By : Bonny From: https://www.propertyarea.asia