កម្ពុជា-បង់ក្លាដែស នឹងបន្តពង្រឹងកិច្ចព្រមព្រៀងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគ្នាតទៀត

(ភ្នំពេញ)៖ កម្ពុជា-បង់ក្លាដែស បានប្តេជ្ញាបន្តពង្រឹងនូវកិច្ចព្រមព្រៀងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគ្នាទៀត ខណៈកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងប្រទេសទាំងពីរ ជិតផុតសុពលភាពហើយនោះ។ ការបញ្ជាក់បែបនេះត្រូវបានធ្វើឡើង នាឱកាសឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យឯកឧត្តម មហាម៉េដ អាប់ឌុល ហ៊ី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នាទីស្តីការក្រសួងការងារ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គរដ្ឋទូត និងឯកឧត្តមរដ្ឋមន្ត្រី សុខុមាលភាពជនបរទេស និងការងារនៅបរទេស ដែលបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជាពេលនេះ គឺជាការបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ។ ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ទូទាំងពិភពលោក ក៏ដូចជាប្រទេសយើងទាំងពីរ បានឆ្លងកាត់នូវការលំបាកដោយសារកូវីដ-១៩ ដូចៗគ្នា ប៉ុន្តែមកដល់ពេលនេះដោយសារប្រសិទ្ធភាពនៃវ៉ាក់សាំង រួមនឹងវិធានការសុខាភិបាល បានធ្វើឲ្យស្ថានភាពជំងឺកូវីដ-១៩ មានសភាពស្រាកស្រាល ហើយកម្ពុជាបានកំពុងស្តារនូវសង្គមសេដ្ឋកិច្ចឡើងវិញតាមគន្លងថ្មី។ សម្រាប់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា-បង់ក្លាដែស មានអនុស្សរណៈនៃការយោគយល់គ្នា(MOU) តាំងពីឆ្នាំ២០១៧មកម្ល៉េះ ក្រុមការងារបច្ចេកទេសបានធ្វើកិច្ចការស្របទៅនឹងកិច្ចព្រមព្រៀងជាមួយគ្នានេះ ដោយសារកូវីដ-១៩ ធ្វើឲ្យអាក់ខានរយៈពីរឆ្នាំ ហើយថ្ងៃនេះយើងមានឱកាសពិភាក្សាដើម្បីបន្តកិច្ចសហប្រតិបត្តិការនេះជាមួយគ្នា។

ឯកឧត្តម មហាម៉េដ អាប់ឌុល ហ៊ី រីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ភាគីទាំងពីរ នឹងវិលត្រឡប់មកអនុវត្តន៍កិច្ចការងារដែលបានព្រមព្រៀងគ្នាស្របទៅនឹងMOU។ នៅក្នុងដំណើរចុះទស្សនកិច្ចរបស់ឯកឧត្តមអគ្គរដ្ឋទូត ដែលបានចុះជួបផ្ទាល់ជាមួយជនជាតិបង់ក្លាដែស ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជាលើផ្នែកសេវាកម្ម សំណង់ ភោនីយដ្ឋាន ធនាគារជាដើមនោះ ឃើញថាពលរដ្ឋបង់ក្លាដែស ទទួលបានការគាំពារ និងយកចិត្តទុកដាក់បានយ៉ាងល្អពីកម្ពុជា ដែលអាចឲ្យពួកគេមានលទ្ធភាពបើកដំណើរការអាជីវកម្មរបស់ខ្លួនបានប្រសើរ។

ឯកឧត្តមទូតបញ្ជាក់ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងការទូតចំនួន៣០ឆ្នាំមកហើយ ដោយនៅក្នុងអំឡុងឆ្នាំ១៩៩០ បង់ក្លាដែសបានចូលរួមជាមួយអង្គការសហប្រជាជាតិ ក្នុងការរក្សាសន្តិភាពនៅកម្ពុជាដែរ។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមអគ្គរដ្ឋទូត បានស្នើក្រុមការងារបច្ចេកទេសខាងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា កាន់ទីក្រុងដក្កា ដើម្បីប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសបង់ក្លាដែសលើកទី២ លើការបន្តMOU ព្រមទាំងបានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីចុះបំពេញទស្សនកិច្ចជាមួយក្រុមការងារកម្ពុជាតែម្តង នៅបង់ក្លាដេស។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណចំពោះការចូលរួមវិភាគទានរបស់បង់ក្លាដែស ជាមួយអង្គការសហប្រជាជាតិ នៅលើទឹកដីកម្ពុជាតាំងពីឆ្នាំ១៩៩០។ កម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាព ការអនុវត្តន៍បានយ៉ាងជោគជ័យនូវនយោបាយឈ្នះឈ្នះ រហូតកម្ពុជាមានសុខសន្តិភាពពេញលេញ ដោយចាត់ទុកសន្តិភាពជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា មានសន្តិភាពគឺមានអ្វីៗទាំងអស់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី មើលឃើញថា វិស័យការងាររបស់ប្រទេសយើងទាំងពីរប្រហាក់ប្រហែលគ្នា ជាប្រទេសផលិត និងនាំចេញ ពិសេសវិស័យវាយនភណ្ឌកាត់ដេរ។

កម្ពុជាមានលក្ខខណ្ឌការងារដែលផ្សាភ្ជាប់ទៅនឹងការនាំចេញ កិច្ចព្រមព្រៀងនេះបានផ្តល់ឱកាសដល់អ្នកវិនិយោគ។ បា្រក់ឈ្នួលនៅកម្ពុជាមានការតំឡើងខ្ពស់ សម្រាប់ការប្រកួតប្រជែងគឺពិបាក ហើយវាក៏ប្រសើរផងដែរសម្រាប់ជីវភាពកម្មករនិយោជិតរបស់កម្ពុជា។ យើងអាចចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។ ពលករបង់ក្លាដែសប្រមាណ ៤០០ នាក់ ដែលទទួលបានប័ណ្ណការងារពីក្រសួងការងារកម្ពុជា ដោយទទួលបាននូវការថែទាំសុខភាព និងហានិភ័យការងារ ពីប.ស.ស ដូចកម្មករនិយោជិតរបស់កម្ពុជាដែរ។

សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បង់ក្លាដេសមានការរីកចម្រើនខាងបច្ចេកទេសផ្នែកកសិកម្ម ដោយកម្ពុជាផ្តល់អាទិភាពខ្ពស់ទៅលើវិស័យកសិកម្ម កម្ពុជាប្រើប្រាស់គ្រឿងចក្រស្ទើរតែ១០០ភាគរយទៅហើយ តម្រូវការធនធានមនុស្សសម្រាប់វិស័យនេះក៏កាន់តែច្រើន ហេតុដូចនេះ កម្ពុជាក៏ត្រូវការឲ្យបង់ក្លាដែសជួយបណ្តុះបណ្តាលផ្នែកនេះផងដែរ។

ជាការឆ្លើយតប ចំពោះការស្នើក្រុមការងារបច្ចេកទេស រួមនឹងឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញទៅទស្សនកិច្ចនៅបង់ក្លាដែសផងដែរនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គរដ្ឋទូត ចំពោះការអញ្ជើញនេះ ថានឹងយកពេលវេលាសមរម្យណាមួយដើម្បីទៅកាន់បង់ក្លាដែស។

គួរជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលបង់ក្លាដែស តំណាងដោយក្រសួងសុខុមាលភាពជនបរទេស និងការងារនៅបរទេស នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរួមគ្នា៖ ១.ការគ្រប់គ្រងការជួលពលករទេសន្តរប្រវេសក៍ក្នុងប្រទេសទាំងពីរ។ ២. កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ។ ៣. ផ្លាស់ប្តូរព័ត៌មានសម្រាប់ការការពារការជ្រើសរើស និងជួលពលករខុសច្បាប់ ព្រមទាំងការពារ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរ និង ៤. វិស័យផ្សេងទៀត នៃកិច្ចសហប្រតិបត្តិការទាក់ទងនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានព្រមព្រៀងគ្នា។ អនុស្សរណៈនៃការយោគយល់នេះមានសុពលភាពរយ:ពេល ៥ឆ្នាំ និងត្រូវបន្តដោយស្វ័យប្រវត្តិ គិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ តទៅ៕

 

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online