កម្ពុជា-ឡាវ-វៀតណាម ជំរុញស្តារវិស័យទេសចរណ៍ឡើងវិញ ក្នុងក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV DTA)

(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងភាគីកម្ពុជា បានដឹកនាំមន្ត្រីជំនាញក្រសួងទេសចរណ៍ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ ជាមួយភាគីវៀតណាម និងឡាវ តាមប្រព័ន្ធវីដេអូ។

ជាផ្នែកមួយក្នុងការរួមចំណែកស្តារឡើងវិញក្រោយវិបតិ្តជំងឺកូវីដ-១៩ តាមផែនទីចង្អុលផ្លូវស្តីពីការស្តារវិស័យឡើងវិញវិស័យទេសចរណ៍កម្ពុជា ២០២០-២០២៥ ក្នុងនោះភាគីកម្ពុជាបានឯកភាពតាមសំណើររបស់អង្គប្រជុំ ដោយទទួលបន្ទុកដឹកនាំសកម្មភាពស្នូលចំនួន ០៥ រួមមាន៖ (១) ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងគោលដៅ ការអភិរក្សធនធានធម្មជាតិនិងវប្បធម៌ និងការអភិវឌ្ឍន៍សហគមន៍ទេសចរណ៍/អេកូ-ទេសចរណ៍ និងផ្ទះស្នាក់នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (២) ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្ស ឆ្ពោះទៅស្តង់ដាអ្នកជំនាញទេសចរណ៍អាស៊ានផ្តោតលើជំនាញបដិសណ្ឋារកិច្ចដើម្បីលើកកម្ពស់គុណភាពសេវាកម្ម (៣) អភិវឌ្ឍយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ទៅកាន់ទីផ្សារគោលដៅ Long Haul Markets (៤) កិច្ចសហការដើម្បីអភិរក្ស និងការពារប្រព័ន្ធជីវៈចម្រុះ និងបរិស្ថានទេសចរណ៍ (Biodiversity and Biosphere Landscape) និង (៥) កិច្ចសហការក្នុងការឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយ និងការឆ្លើយតបរហ័សទៅនឹងទឹកជំនន់ ខ្យល់ព្យុះ និងការស្តារឡើងវិញក្រោយមហត្តរាយដែលអាចកើតមានឡើងជាយថាហេតុ។

អង្គប្រជុំបានសម្រេចឯកភាពតាមយោបល់របស់ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ(តំណាងកម្ពុជា) លើការងារសំខាន់រួមមាន៖ (១) ការផ្សព្វផ្សាយរួមគ្នារវាងប្រទេសទាំង៣ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍កម្រិតអន្តរជាតិ ការរៀបចំវីដេអូ ស្លាកសញ្ញា និងយីហោផ្សព្វផ្សាយតំបន់ត្រីកោណអភិវឌ្ឍន៍ ជាពិសេសការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល២០២២-២០២៥ (២) រៀបចំកិច្ចប្រជុំក្រុមការងារអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ ចំនួន ២ដងក្នុងមួយឆ្នាំ ដើម្បីបូកសរុបការងារ មុននឹងរាយការណ៍ជូនអង្គការជាតិទេសចរណ៍អាស៊ាន និងការបញ្ជូលសមាសភាពអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធទៅក្នុងក្រុមការងារ (Working Group) ដើម្បីដឹកនាំការងារក្នុងបុរេសកម្ម និងមានការទទួលខុសត្រូវខ្ពស់ (៣) រៀបចំស្តង់ដាទេសចរណ៍សំខាន់ៗ សម្រាប់កម្រិតតំបន់ត្រីកោណអភិវឌ្ឍន៍ ដោយយកគំរូរតាមស្តង់ដាទេសចរណ៍អាស៊ានដែលបានអនុវត្ត (៤) រៀបចំ Formalization Trip សម្រាប់វិស័យឯកជនដើម្បីសិក្សា និងកំណត់សក្តានុពលទេសចរណ៍ក្នុងខេត្តតំបន់ត្រីកោណអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ និងការរៀបចំ Caravan Tour ឆ្លងកាត់ប្រទេសទាំងបី និងអាចភ្ជាប់ទៅតំបន់ច្រករបៀងទេសចរណ៍ភាគខាងត្បូង (Southern Tourism Corridor) (៥) សហការដើម្បីបញ្ជូលកីឡាទេសចរណ៍ ទៅក្នុងផែនការសកម្មភាពរបស់ ផែនការអភិវឌ្ឍន៍ទេសចរណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ ឆ្នាំ២០២០-២០២៥ ចក្ខុវិស័យឆ្នាំ ២០៣០ ដូចជាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ជាដើម។

ជាចុងបញ្ចប់ឯកឧត្តមអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណ និងអបអរសារទរជូនចំពោះប្រទេសវៀតណាមដែលបានរៀបចំកិច្ចប្រជុំក្រុមការងារនេះបានដោយជោគជ័យ និងកំពុងធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១នៅទីក្រុងហាន់ណូយ (31st SEA Games in Hanoi) ផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online