កម្ពុជា-អាមេរិកប្តេជ្ញាបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ពិសេសក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក

កាលពីវេលាម៉ោង ៥:៣០នាទីល្ងាច នៃថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងគណៈប្រតិភូ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ដែលបានកើនឡើងពី ៣,៣ ប៉ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ មកដល់ ៤,៧ប៉ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ក្នុងអាត្រាកំណើនប្រមាណ ៤២ ភាគរយ។ ឯកឧត្តមក៏បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន និងគតិយុត្តិ ដែលធានាបង្កើនបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរ នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះក្របខ័ណ្ឌណិជ្ជកម្មនិងវិនិយោគ កម្ពុជា-អាមេរិក(TIFA)។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចពីការចូលជាធរមាននៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការបង្កើតអនុក្រឹត និងបទបញ្ញត្តិពាក់ព័ន្ធ និងបានស្នើភាគីអាមេរិកបន្តជំរុញវិនិយោគិនរបស់ខ្លួនមកធ្វើធុរកិច្ច និងវិនិយោគក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះអោយបានកាន់តែច្រើន។ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងសុទិដ្ឋិនិយម ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានឯកភាពជាបឋមក្នុងការ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះក្របខ័ណ្ឌពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-អាមេរិកលើកទី៦ តាមរយៈ Video Conference នៅពេលខាងមុខ តាមស្ថានភាពជាក់ស្តែង។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមជាអធិបតីភាពក្នុងការបើកវេទិការជួបជុំក្នុងការបង្កើតទំនាក់ទំនង និងការបង្ហាញការវិនិយោគសហរដ្ឋអាមេរិកនៅកម្ពុជា ដែលរៀបចំឡើងដោយ AmCham Cambodia ព្រមទាំងបានទស្សនាការដាក់តាំងផលិផលសក្តានុពលមួយចំនួនរបស់អាមេរិកដែលកំពុងចរាចរនៅលើទីផ្សារកម្ពុជាផងដែរ។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online