កម្មករ៦០០នាក់ព្យួរការងារ១ខែ ទទួលប្រាក់តែ១០ដុល្លារក្នុងម្នាក់ ផ្ទុយពីប្រសាសន៍សម្តេចតេជោ
ខេត្តកំពង់ស្ពឺ ៖ កម្មករប្រមាណ៦០០នាក់ បានជួបជុំគ្នា នៅខាងមុខរោងចក្រ New Best Global Textile Co.,Ltd ដើម្បីទាមទារ ឲ្យក្រុមហ៊ុនទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ស្រប់តាមច្បាប់ស្តីពីការងារ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ។
យោងតាមហ្វេសប៊ុកផេកឈ្មោះ «សង់ត្រាល់-CENTRAL» បានដកស្រង់សម្តីពីកម្មករដែលធ្វើការនៅទីនោះ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ រោងចក្រ New Best Global Textile Co.,Ltd ដែលមានអាស័យដ្ឋាន នៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រកាសថា «រោងចក្រត្រូវព្យួរការងាររយៈពេល១ខែ ដោយសាររោងចក្រមិនមានការងារធ្វើ» ។
ប្រភពដដែលបន្តថា អស់រយៈពេល១ខែនេះ កម្មករនិយោជិត បានទទួលប្រាក់តែ១០ដុល្លារប៉ុណ្ណោះ ពីរោងចក្រ ។ ប៉ុន្តែថៅកែរោងចក្របានឆ្លៀតយករយៈពេលនៃការព្យួរការងារនេះ ដើម្បីរត់ចោលពីរោងចក្រ ហើយអ្នកគ្រប់គ្រងរោងចក្រថា «គេមិនអាចរកថៅកែថ្មីបានទេ ហើយរោងចក្រត្រូវបិទទ្វារ» ។
គេនៅចាំបានប្រសាសន៍របស់សម្តេចតេជោ នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យរោងចក្រទាំងឡាយណា ដែលត្រូវបិទទ្វារមួយរយៈ ដោយសារអស់វត្ថុធាតុដើមពីចិន ត្រូវបង់ប្រាក់៤០ភាគរយ នៃប្រាក់ខែគោល១៩០ដុល្លារ ជូនកម្មករ ។ ជាមួយគ្នានេះ រដ្ឋាភិបាល នឹងជួយចេញបន្ថែម២០ភាគរយទៀត ជូនកម្មករ ដូច្នេះ ពួកគេ នឹងទទួលបានប្រាក់៦០ភាគរយ ។ លើសពីនេះ មេដឹកនាំកម្ពុជា ក៏បានប្រកាសដែរថា រដ្ឋាភិបាល នឹងជួយរកការងារជូនកម្មករដែលបាត់បង់ការងារក្នុងកាលៈទេសៈនេះ ។
មួយវិញទៀត កាលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងឡាយ ហាមដាច់ខាតមិនឱ្យឆ្លៀតឱកាសលុបកិច្ចសន្យាការងារជាមួយកម្មករនិយោជិត ក្នុងពេលព្យួរការងារនេះឡើយ រីឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារព្រមទាំងម្ចាស់បុរី ឬម្ចាស់ផ្ទះ ក៏សូមមានការយោគយល់ចំពោះកម្មករផងដែរ ៕

អត្ថបទ៖ https://kohsantepheapdaily.com.kh/