កម្មវិធីគេហទំព័រ Brave បានបន្ថែមមុខងារដើម្បីរំលងកម្មវិធី AMP របស់ក្រុមហ៊ុន Google

កម្មវិធីគេហទំព័រដែលផ្តោតលើការការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ Brave បានប្រកាសបន្ថែមមុខងារថ្មីដែលអាចរំលងកម្មវិធី AMP របស់ Google និងបញ្ជូនអ្នកប្រើប្រាស់ទៅកាន់គេហទំព័រដើមដោយស្វ័យប្រវត្តិ។

AMP ឬ Accelerated Mobile Pages គឺជាផ្នែកមួយនៃកម្មវិធីក្នុងការប្រើប្រាស់គេហទំព័រដែលមិនមានស្តង់ដារត្រឹមត្រូវរបស់ក្រុមហ៊ុន Google ដែលបង្ហាញមាតិកាទំព័រដែលមើលទៅដូចជាមកពីគេហទំព័ររបស់អ្នកបោះពុម្ពផ្សាយដើម ប៉ុន្តែតាមការពិតវាជាគេហទំព័រមកពីម៉ាស៊ីនមេរបស់ក្រុមហ៊ុន Google។ បើទោះបីជាក្រុមហ៊ុន Google អះអាងថា AMP ធ្វើឱ្យដំណើរការរបស់គេហទំព័រមានការប្រសើរឡើង និងសម្រួលក្នុងការរុករកព័ត៌មាន ប៉ុន្តែក្រុមអ្នកស្រាវជ្រាវគិតថាមុខងារនេះ បង្កគ្រោះថ្នាក់ដល់ឯកជនភាពរបស់អ្នកប្រើប្រាស់ ដោយសារវាផ្តល់ឱ្យ Google នូវព័ត៌មានបន្ថែមអំពីទំព័រដែលអ្នកប្រើប្រាស់ចូលមើល និងការប្រើប្រាស់របស់ពួកគេជាមួយនឹងគេហទំព័រទាំងនោះ។

ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងការផ្សព្វផ្សាយថា មុខងារនេះនឹងសរសេរតំណភ្ជាប់ និង URLs ឡើងវិញដើម្បីការពារអ្នកប្រើប្រាស់ពីការចូលមើលទំព័រតាមរយៈកម្មវិធី AMP។ ហើយក្នុងករណីដែលមិនអាចធ្វើបាន Brave នឹងឃ្លាំមើលទំព័រដែលកំពុងត្រូវបានទាញយក និងបញ្ជូនអ្នកប្រើប្រាស់ពីទំព័រ AMP មុនពេលដែលទំព័រនេះត្រូវបានបង្ហាញ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន Brave បានឈប់ប្រើ Google Search ក្នុងការស្វែងរកព័ត៌មាន ហើយជំនួសវាដោយ Brave Search ដែលប្រើសន្ទស្សន៍ឯករាជ្យ (independent index) និងមិនមានការតាមដានអ្នកប្រើប្រាស់ក្នុងការស្វែងរករបស់ពួកគេ៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online