កម្មវិធីគេហទំព័រ DuckDuckGo សម្រាប់កុំព្យូទ័រ Mac ត្រូវបានដាក់ឱ្យប្រើសាកល្បង (បេតា)

ថ្ងៃនេះក្រុមហ៊ុន DuckDuckGo បានប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធីសម្រាប់ចូលប្រើគេហទំព័រដោយសង្កត់ធ្ងន់លើ មុខងារការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ដោយមិនចាំបាច់ទាមទារឱ្យអ្នកប្រើប្រាស់មានការយល់ដឹងច្រើនក្នុងការផ្លាស់ប្ដូរការកំណត់ផ្សេងៗនៅក្នុង settings ដូចមាននៅក្នុងកម្មវិធីដទៃទៀត និងមានល្បឿនលឿន។

ក្រុមហ៊ុនបានបញ្ជាក់ដែរថា កម្មវិធីនេះក៏មានភ្ជាប់មកជាមួយនូវមុខងារ Email Protection ដែលអាចលុបចោល tracking pixels មុននឹងបញ្ជូនអុីមែលណាមួយទៅឱ្យអ្នកប្រើប្រាស់។ Tracking pixels គឺជារូបភាពដ៏តូចមួយដែលក្រុមហ៊ុនលួចបង្កប់ជាមួយនឹងអុីមែលដែលពួកគេបានផ្ញើ ដើម្បីលួចតាមដានអ្នកប្រើប្រាស់។ នៅពេលដែលលោកអ្នកបើកអុីមែល ពួកគេអាចដឹង ពីពេលវេលាដែលលោកអ្នកបើកអុីមែល ឧបករណ៍ដែលកំពុងប្រើប្រាស់ និងជាងនេះទៅទៀតពួកគេក៏អាចដឹងអំពីទីតាំងដែលលោកអ្នកបានបើកអុីមែលនោះផងដែរ។

DuckDuckGo គឺជាក្រុមហ៊ុនមួយដែលអ្នកប្រើប្រាស់កុំព្យូទ័រជាច្រើនបានស្គាល់តាមរយៈកម្មវិធីស្វែងរក DuckDuckGo (search engine)។ កម្មវិធីស្វែងរកនេះកាន់តែមានប្រជាប្រិយភាពមួយរយៈពេលចុងក្រោយនេះ ដោយសារតែអ្នកប្រើប្រាស់កាន់តែច្រើនមានការព្រួយបារម្ភពីការទាញយកព័ត៌មានឯកជនភាពរបស់ពួកគេ ដែលមានជាមួយនឹងកម្មវិធីស្វែងរកដទៃទៀត។

ដោយសារតែកម្មវិធីនេះកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បង ដូច្នេះប្រសិនបើលោកអ្នកចង់ប្រើកម្មវិធីនេះ លោកអ្នកត្រូវចុះឈ្មោះរង់ចាំតាមរយៈគេហទំព័ររបស់ក្រុមហ៊ុនជាមុនសិន៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online