កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនមនុស្ស ជាង៣០នាក់ក្នុងករណីបង្ក្រាបទីតាំងល្បែងស៊ីសងដ៏ធំមួយកន្លែងក្នុងខណ្ឌសែនសុខ
ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាក់ស្ដែង កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបឃ្លាំងមួយកន្លែងដែលលួចបើកល្បែងស៊ីសងដ៏ធំ ស្ថិតនៅលើផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
បើតាមប្រភពព័ត៌មានពីអ្នកជិតខាងឃ្លាំងមួយនេះបានបង្ហើបឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនេះ គឺ ទីតាំងមួយនេះតែងតែមានមនុស្សចេញចូលជាច្រើននិងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានណាឡើយ ។
ទើបតែនៅថ្ងៃពុធនេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ ចុះបង្ក្រាប ដោយឃាត់បានមនុស្សប្រុសស្រីនៅក្នុងទីតាំងល្បែងនេះជាង៣០នាក់ ។
បច្ចុប្បន្នមនុស្សពាក់ព័ន្ធជាង៣០នាក់ ត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធីច្បាប់ ៕