កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០២នាក់ កែច្នៃគ្រាប់រំសេវបំផ្ទុះ ផ្តេីមចេញពីរឿងទំនាស់ ក្រោយធ្វេីសកម្មភាពបាន ៣ថ្ងៃ

ក្រុងសៀមរាបៈ​ លោកវរសេនីយ៍ទោ​ ដា​ ចំរេីន​ អធិការនគរបាលក្រុងសៀមរាប​ បានដឹកនាំកម្លាំងជំនាញ​ព្រហ្មទណ្ឌចុះឃាត់ខ្លួនជនសង្ស័យ​​ ដែលបានធ្វេីសកម្មភាពបំផ្ទុះគ្រាប់រំសេវកែច្នៃ​ ចំនួន០២នាក់​ ពាក់ពន្ធនឹងករណី​ “បទល្មើសក្នុងវិស័យអាវុធគ្រឿងផ្ទុះ​ និងគ្រាប់រំសេវ​”៖

០១-ឈ្មោះ សេង សុកន ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរសិស្សរៀនជួសជុលម៉ូតូ មានស្រុកកំណើត​ នៅប្រទេសថៃ ។

ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប

០២-ឈ្មោះ​ រ៉ន ដារ៉ុង​ ហៅហ៊ីង ភេទប្រុស អាយុ ២០ ឆ្នាំមុខរបរសិស្សរៀនជួសជុលម៉ូតូ​ មានស្រុកកំណើតនៅភូមិព្រៃស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

កាលពីថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០២២​ វេលាម៉ោង​២០:០០នាទីយប់​ ដោយទទួលសេចក្តីរាយការណ៍ថា មានករណីបំផ្ទុះគ្រាប់រំសេវនៅលើផ្លូវបេតុងខាងកើតស្នាក់ការគណបក្សប្រជាជនកម្ពុជា​ សង្កាត់ស្វាយដង្គំ ចម្ងាយប្រហែល ១៥ម៉ែត្រ​ ស្ថិតភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង ។ កម្លាំងនគរបាលបានចុះទៅកន្លែងកើតហេតុ​ ហេីយស្រាវជ្រាវអស់រយៈពេល ០៣ថ្ងៃ​ ក៏កំណត់បានមុខសញ្ញាជនសង្ស័យ ដោយនៅថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ២០២២ បាននាំខ្លួនជនសង្ស័យឈ្មោះ​ សេង សុកន យកមកសួរនាំ ក្រោយពេលសួរនាំជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ​ រ៉ន ដារ៉ុង​ ហៅហ៊ីង ត្រូវជាមិត្តភក្តិប្រាប់ខ្លួនថាត្រូវបានគេវាយនៅសួនបឹងកាឡូ ហើយខ្លួន(សេង សុកន)ប្រាប់ទៅឈ្មោះរ៉ន ដារ៉ុង​ ហៅហ៊ីង ថារូបខ្លួនចេះផលិតគ្រាប់រំសេវផ្ទុះកាលដែលរស់នៅប្រទេសថៃ បន្ទាប់មកឈ្មោះរ៉ន ដារ៉ុង​ ហៅហ៊ីង បានឱ្យទៅរកទិញផាវគ្រាប់បាល់យកមកផលិតជាគ្រឿងផ្ទុះ ដោយយករំសេវផាវគ្រាប់បាល់មកលាយជាមួយនឹងថ្មខ្មៅម៉ិច រួចដាក់ចូលក្នុងថង់ហើយរុំស្គុតឲ្យណែន ដោយផលិតបានចំនួន ០៥គ្រាប់ បន្ទាប់មកឈ្មោះ​ រ៉ន ដារ៉ុង​ ហៅហ៊ីង បានដឹកខ្លួនទៅកន្លែងកើតហេតុខាងលើដើម្បីប្រាប់ពីទីតាំងបោករំសេវកែច្នៃ ដែលអ្នកវាយធ្លាប់គេជួបជុំនៅទីនោះ​ ។ លុះដល់ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០២២​ វេលាម៉ោង​ ២០:០០នាទីយប់​ ដែលជាថ្ងៃកេីតហេតុ​ ជនសង្ស័យឈ្មោះ​ សេង សុកន ក៏បានជិះម៉ូតូរបស់ខ្លួនទៅកន្លែងកើតហេតុហើយធ្វើសកម្មភាពបោកគ្រាប់រំសេវកែច្នៃ បណ្តាលឱ្យផ្ទុះ លេីផ្លូវ​ រួចបេីកម៉ូតូរត់គេចខ្លួនតែម្នាក់ឯង​ តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់រងរបួស​ និងខូចខាតទ្រព្យសម្បត្តិនោះទេ ។

ដោយជនសង្ស័យឈ្មោះសេង សុកន ប្រាប់ខ្លួនថា រូបគេបានបោកគ្រាប់បែកនៅទីតាំងដែលខ្លួនបានប្រាប់រួចហើយ បន្ទាប់មកខ្លួនក៏បានយកគ្រាប់រំសេវកែច្នៃចំនួន ០៤ គ្រាប់ដែលនៅសល់យកមកហែកបោះចោលតាមផ្លូវ​ ។ វត្ថុតាងដកហូតបាន

-ម៉ូតូជនសង្ស័យ​ ជិះធ្វើសកម្មភាពចំនួន០១គ្រឿង​ ។

ជនសង្ស័យខាងលេី​ ត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់​៕