កម្លាំងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង០០នាទី នៅចំណុចទីលានចាក់សំរាម ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៣នឹង០០នាទីទាបភ្លឺ ត្រង់ចំណុចឃ្លាំងគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។    

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ស៊ូ ដាវិន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខE៣០ ផ្លូវលេខបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ចំណែកជនសង្ស័យឈ្មោះ ជ្រាវ ជ្រឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅទីលានចាក់សំរាម ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។  

សម្ភារៈខូចខាតបាត់បង់៖ ខ្សែភ្លើងប្រវែង៤៥ម៉ែត្រ។ វត្ថុតាងចាប់យក៖ កន្រ្តៃកាត់ដែកដងពណ៍ទឹកក្រូចលាយពណ៌ខ្មៅ ប្រវែង០,៦០ម៉ែត្រ ចំនួន០១ ,ខ្សែភ្លើងចំនួន២៤កំណាត់ ,ទូរស័ព្ទដៃម៉ាកVIVO ពណ៌ប្រផេះ ចំនួន០១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៨នឹងង០០នាទី ជនរងគ្រោះឈ្មោះ ស៊ូដាវិន ភេទប្រុស អាយុ៤៩ឆ្នាំ កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទៅខេត្តតាកែវ។ ពេលនោះឈ្មោះ កឹម វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ ដែលជាប្រធានសន្តិសុខយាមឃ្លាំងរបស់ជនរងគ្រោះ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទូរស័ព្ទមកប្រាប់ជនរងគ្រោះថា យប់មិញមានចោរបានផ្លោះរបងឃ្លាំងចូលលួចកាត់ខ្សែភ្លើង ហើយជនរងគ្រោះបានឲ្យឈ្មោះ កឹម វណ្ណៈ ថតរូបភាពផ្ញើឲ្យជនរងគ្រោះតាមរយៈតេឡេក្រាម បានឃើញខ្សែភ្លើងដែលនៅខាងលិចឃ្លាំងត្រូវបានជនសង្ស័យលួចកាត់អស់ប្រវែង៤៥ម៉ែត្រ ដោយជនសង្ស័យបានបន្សល់ទុកនូវវត្ថុតាងរួមមាន១/ខ្សែភ្លើងចំនួន២៤កំណាត់ ២/កន្ត្រៃកាត់ដែកដងជ័រពណ៌ទឹកក្រូចលាយពណ៌ខ្មៅប្រវែង០,៦០ម៉ែត្រចំនួន០១ ៣/ទូរស័ព្ទដៃម៉ាកVIVO ពណ៌ប្រផេះ ប្រើស៊ីមកាតលេខ ០៨៦ ៤៣១ ៥៤៧ ចំនួន០១គ្រឿង នៅកន្លែងកើតហេតុ។ ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០នឹង០០នាទី ជនរងគ្រោះត្រឡប់មកពីខេត្តតាកែវវិញ ទើបជនរងគ្រោះមកប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ លុះដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង០០នាទី សមត្ថកិច្ចយើងក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនឈ្មោះ ជ្រាវ ជ្រឿន ភេទប្រុស អាយុ២៨ឆ្នាំ ក្នុងចំណោមបក្ខពួក០៥នាក់ ត្រង់ចំណុចទីលានចាក់សំរាម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរតាមនីតិវិធីច្បាប់។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេនិងបក្ខពួកចំនួន០៤នាក់ទៀត ទី១-ឈ្មោះ វណ្ណ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ ទី២-ឈ្មោះ ង៉ោល ភេទប្រុស អាយុប្រហែល៣២ឆ្នាំ ទី៣-ឈ្មោះភឿន ភេទប្រុស អាយុប្រហែល២៣ឆ្នាំ និងទី៤-ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ (គេចខ្លួន)ពិតជាបានធ្វើសកម្មភាពផ្លោះរបងឃ្លាំងចូលលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះពិតប្រាកដមែន៕ បន្ទាប់ពីមានចំលើយសារភាពពីជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតអោយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យដើម្បី ចាត់ការតាមផ្លូវច្បាប់តែម្តង ៕