កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពេីលួច

សៀមរាប៖ នៅថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ អនុវត្តតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោកអភិបាល ស្រុកសូទ្រនិគម និងក្រោមការដឹកនាំជំនាញដោយលោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ព្រមទាំងកម្លាំងប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានចុះសហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្រ្កាប និងបំបែកករណីអំពើលួចប្រព្រឹត្តដោយមុខសញ្ញាសកម្ម ដែលធ្លាប់ធ្វើច្រើនករណីក្នុងខេត្តសៀមរាប កំពង់ធំ និងកំពង់ចាម ។

ជនសង្ស័យឈ្មោះ នូ ផល្លីន ភេទប្រុស អាយុ ២៣ឆ្នាំ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ទុប្បន្ននៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ពាក់ព័ន្ធករណីចុងក្រោយគឺអំពើលួច (ទូរសព្ទ័ និងប្រាក់) កើតហេតុនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទី ព្រឹក នៅចំណុចតូបលក់ឥវ៉ាន់របស់ជនរងគ្រោះឈ្មោះ ប៉ុន នាងម៉ៃ ភេទស្រី អាយុ២១ឆ្នាំ ស្ថិតក្នុងភូមិក្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានលួចទូរសព្ទ័ដៃចំនួន ០១ គ្រឿង និងប្រាក់របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។

ហើយក្រៅពីអំពើលួចលុយ និងទូរសព្ទ័ដៃដែលប្រព្រឹត្តខាងលើ កន្លងមកខ្លួន និងមិត្តភក្ដិ ព្រមទាំងគូដណ្តឹងរបស់ខ្លួន ក៏បានធ្លាប់ធ្វើសកម្មភាពលួចម៉ូតូបានចំនួន ០៣ គ្រឿង ផងដែរ នៅស្រុកសូទ្រនិគម ក្នុងភូមិសាស្ត្រឃុំពពេល ឃុំតាយ៉ែក និងឃុំសំរោង ស្ថិតនៅក្នុងស្រុកសូទ្រនិគម ។ ម៉ូតូទាំង ០៣ គ្រឿងនោះ ខ្លួន និងបក្ខពួកបានយកទៅលក់នៅខេត្តកំពង់ចាម ហើយចាយវាយលុយអស់ហើយ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា : ជនសង្ស័យគឺជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងធ្លាប់ធ្វើសកម្មភាពឆ្មក់លួចសកម្ម គ្មានទីលំនៅជាក់លាក់ ហើយមានគូដណ្ដឹង រស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន : ទូរសព្ទ័ដៃចំនួន ០១ គ្រឿង និងប្រាក់ដែលនៅជាប់នឹងជនសង្ស័យចំនួន ២៥០ ០០០ រៀល (ម្ភៃប្រាំមុឺន រៀល) ។ សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់ទទួលវត្ថុតាងទាំងនេះជូនជនរងគ្រោះវិញរួចហើយ ។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online