កម្លាំង​ប្រឆាំង​គ្រឿងញៀន​ ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​០២​ករណី​ ផ្សេង​គ្នា​ដកហូត​វ​វត្ថុ​តាង​គ្រឿងញៀន​០២​កញ្ចប់​ ថង់​ធំ​ប្រមាណ​២​គីឡូក្រាម​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ខ្មែរ​និង​វៀត​ណា​០២​នាក់

10:51 am   17 កក្កដា 2020​155បោះពុម្ភអ៊ីម៉ែល

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចេញ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង ញៀន​០២​ករណី​ផ្សេង​គ្នា​ ក្នុង​រាជធានី​ភ្នំពេញ​ ដកហូត​វត្ថុ​តាង​គ្រឿងញៀន​០២​កញ្ចប់​ថង់​ធំ​ ស្មើនឹង​ទម្ងន់​ប្រមាណ​០២​គីឡូក្រាម​ និង​ឃាត់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​ជនជាតិ​ខ្មែរ​និង​ជនជាតិ​វៀតណាម​០២​នាក់​ នៅ​ក្នុង​ខណ្ឌទួលគោក​ និង​ខណ្ឌ​ប្ញ​ស្សី​ រាជធានី​ភ្នំពេញ​។​ នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ ដែល​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំនួន​០២​រូប​លោក​ ឡុ​ង​ ជាប​ និង​លោក​ សឿ​ ឡង​ឌី​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​ការ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ ឧត្តម​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​កិច្ចប្រជុំ​នានា​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​តែងតែ​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ជំរុញ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​គ្រប់​ផ្នែក​និង​គ្រប់​ជំនាញ​សហការ​គ្នា​ដើម្បី​បង្ក្រាប​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​ទាំង​ការ​ ប្រើប្រាស់​ លក់​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​ សំដៅ​កាត់​បន្ថយ​បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ ឯកឧត្តម​ស្នងការ​ក៏​ធ្លាប់​បាន​ប្រមា​ន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​បើ​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន​។​

​លោក​វរសេនីយ៍ទោ​ រ៉ឹ​ម​ ម៉ិច​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង​០២​នាក់​ ដឹកនាំ​កម្លាំង​ចុះ​ស្រា​ជ្រាវ​ស៊ើបអង្កេត​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ហួត​ ចាន់​យ៉ា​រ៉ា​ន់​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​និង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​គ្រឿងញៀន​ទាំង​០២​នាក់​ជា​បន្តបន្ទាប់​ ។​

​លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​មុន​ដំបូង​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២០​ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ចាប់ខ្លួន​ជនសង្ស័យ​០១​នាក់​មានឈ្មោះ​ ញឹ​ម​ គឹ​ម​លៀង​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ គ្មាន​មុខរបរ​ពិតប្រាកដ​ នៅ​ចំណុច​ខាង​មុខ​សាកលវិទ្យាល័យ​ អាស៊ី​-​អឺរ៉ុប​ ផ្លូវ​២៥៧​ សង្កាត់​ទឹកល្អក់​០១​ ខណ្ឌទួលគោក​ ខណៈ​ជនសង្ស័យ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​ផាស​អាប់​។​ឆែកឆេរ​ត្រួតពិនិត្យ​និង​រក​ឃើញ​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​០១​កញ្ចប់​ថង់​ធំ​ស្មើនឹង​ទម្ងន់​១០០០.៧៤​ក្រាម​និង​មធ្យោបាយ​ដឹក​ជញ្ជូន​ផាស​អាប់​០១​គ្រឿង​។​

​លោកនាយ​ការិយាល័យ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ នៅ​ថ្ងៃ​ដដែល​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ក៏​បាន​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​០១​នាក់​ទៀត​ ជា​ជនជាតិ​វៀតណាម​មានឈ្មោះ​ សុខ​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ ប្រកប​មុខរបរ​រត់​ផាស​អាប់​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ប្ញ​ស្សូ​កែវ​ ត្រួតពិនិត្យ​រក​ឃើញ​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​០១​កញ្ចប់​ថង់​ធំ​ស្មើនឹង​ទម្ងន់​៩២៩.៨៤​ក្រាម​និង​មធ្យោបាយ​ដឹក​ជញ្ជូន​ផាស​អាប់​០១​គ្រឿង​។​ប​ច្ចុ​ប្ប​ជនសង្ស័យ​គ្រឿងញៀន​និង​វត្ថុ​តា​គ្រឿងញៀន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​យក​មក​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ប្រភព :http://cambodiapolice.com/