ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់ក្នុងករណីម៉ូតូ១គ្រឿងបើកបញ្ច្រាស់ទិស បុកជាមួយរថយន្ត នៅលើដងផ្លូវមាត់ទន្លេសិប្បនិមិត្តទីរួមខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នៅវេលាម៉ោង១៥:៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ លេីផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចមាត់ទន្លេសប្បនិមិត្ត ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ១គ្រឿងជិះគ្នា៣នាក់ បើកបញ្ច្រាស់ទិស បុកពេញទំហឹង ជាមួយរថយន្ត១គ្រឿង បណ្តាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់។ ម៉ូតូ១គ្រឿងជិះគ្នា៣នាក់នោះ (មិនមានពាក់មួកសុវត្ថិភាព) ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ រតនគិរី 1B-0007 បើកបរដោយ ។ ឈ្មោះ លាង ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ)បានឌុបមនុស្សចំនួន២នាក់ ÷ ឈ្មោះ គាំង សំហ៊ាង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិ-ឃុំ ជាមួយគ្នា( ស្លាប់នៅកន្លែងកើតហេតុ) និងឈ្មោះ វ៉ិត ស្រីពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។

ចំណែករថយន្តម៉ាក HILUX ViGO ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AA-3538 អ្នក បើកបរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន (រត់គេចខ្លួនបាត់) ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយ ម៉ូតូបើកបរ ឆ្លងផ្លូវពីជើងទៅត្បូងបត់ឆ្វេងបញ្ច្រាសទិសពីលិចទៅកើត រថយន្តបើកបរ ពីកើតទៅលិចប្រើប្រាស់ល្បឿន ទៅបុកម៉ូតូ បណ្តាលឱ្យខូចខាត ម៉ូតូ និងរថយន្ត កម្រិតធ្ងន់ ។មូលហេតុ: ម៉ូតូបើកបរចេញពីផ្លូវតូច ហើយបត់បញ្ច្រាសទិស។

ក្រោយកើតហេតុ សមត្ថកិច្ចយើងបានធ្វើការវាស់វែង ដើម្បីអនុវត្តន៍ទៅតាមនីតិវិធី ដោយឡែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕