ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូដួល ត្រូវរថយន្ដកិនបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ

កំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ត្រង់ចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូដួល ត្រូវរថយន្ដកិនបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា ៖ មុនពេលកើតហេតុ មានម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1J1.646 អ្នកបើកបរឈ្មោះ លឹម សុភក្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សែ ខ ស្រុកពាមរ ខេត្តព្រៃវែង បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ត្រង់ចំណុចដូចខាងលើ ម៉ូតូក៏បានដួលហើយខ្ទាតទាំងម៉ូតូ និងមនុស្ស មកខាងឆ្វេងដៃ បភ្លាមនោះក៏មានរថយន្ដ ០២គ្រឿង បើកបរពីទិសខាងកើតទៅទិសខាងលិច ទី១មិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ(បើករត់គេច ក្រោយកើតហេតុ) បានទៅកិនមនុស្សដែលដួល និងរថយន្តទី២ម៉ាក HYUNDAI ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ3E-8324 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ4A-6246 មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ(ចុះរត់គេច) បានទៅកិនម៉ូតូដែលដួលនោះដែរបណ្ដាលឱ្យឈ្មោះ លឹម សុភក្ត្រា ស្លាប់នៅកន្លែងកើតហេតុតែម្តង។

ចំពោះវត្ថុតាងទាំង ០២គ្រឿង បានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ចំណែករថយន្ដមិនស្គាល់ម៉ាកកំពុងតែស្រាវជ្រាវបន្ដ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព÷ ស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online