ករណីឆក់ចរន្តអគ្គិសនីស្លាប់កុមារានៅ ឃុំសំបួរមាស
ខេត្តកណ្ដាល:កើតហេតុថ្ងៃទី ១៧.០៧.២០២០ វេលាម៉ោង១៥.០០នាទី ចំណុចផ្ទះជនរងគ្រោះ ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ ខុម សុខលី ភេទប្រុស អាយុ ៨ឆ្នាំជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុក មានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
វត្ថុតាងចាប់យកបាន÷
១.ខ្សែភ្លើង០១ប្រវែង០៣ម៉ែត្រ ។






យោងតាមការបំភ្លឺរបស់ម្ដាយបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ច្រឹក សុវណ្ណ អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករបានបំភ្លឺប្រាប់សមត្ថកិច្ចយើងអោយដឹងថា÷
នៅថ្ងៃកើតហេតុ វេលាម៉ោង១២ ថ្ងៃត្រង់ខ្លួនបានចេញទៅរកលៀសដូចរាល់ថ្ងៃ ហើយបានយកឈ្មោះ ខុម សុខលី(ជនរងគ្រោះ) ទៅផ្ញើនឹងម្ដាយបង្កើតរបស់ខ្លួន(ត្រូវជាជីដូនរបស់ជនរងគ្រោះ)ឲ្យជួយមើលជនរងគ្រោះរួចក៏ចេញទៅរកលៀសបាត់ទៅ។ លុះដល់វេលាម៉ោង ១៥.០០នាទី ខ្លួន(ម្ដាយជនរងគ្រោះ)ក៏បានត្រឡប់មកផ្ទះវិញ ហើយបានទិញបង្អែមយកទៅឱ្យជនរងគ្រោះ រួចក៏ដើរទៅផ្ទះម្ដាយបង្កើតរបស់ខ្លួន សួររកកូន(ជនរងគ្រោះ)ដើម្បីឱ្យហូបបង្អែមតែមិនឃើញជនរងគ្រោះ ក៏អង្គុយរើសលៀសនៅទីនោះ។ បានមួយសន្ទុះ ស្រាប់តែមានក្មេងស្រីអាយុ៧ ឆ្នាំ មកប្រាប់ម្ដាយជនរងគ្រោះថា÷(អាសុខលីខ្សែភ្លើងឆក់) ភ្លាមនោះម្ដាយជនរងគ្រោះក៏រត់ទៅផ្ទះរបស់ខ្លួន ឃើញកូនប្រុស(ជនរងគ្រោះ)ត្រូវចរន្តអគ្គិសនីឆក់ស្លាប់បាត់ទៅហើយ បន្ទាប់មកក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរមាស ។ ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍បានសហការជាមួយផ្នែកជំនាញបច្ចេកទេសនិងវិជ្ជាសាស្រ្តស្រុក អាជ្ញាធរ និងគ្រូពេទ្យមណ្ឌលសុខភាពឃុំ ចុះទៅដល់ផ្ទះរបស់ជនរងគ្រោះធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា÷
១.សាកសពជនរងគ្រោះពាក់អាវយឺតដៃខ្លី ពណ៌ខៀវមានអក្សរ និងរូបតុក្កតា ស្លៀកខោរខ្លីត្រឹមជង្គង់ពណ៌ខៀវមានប៉ាក់ផ្កា។
២.នៅក្នុងប្រអប់ដៃខាងស្ដាំរបស់ជនរងគ្រោះមានស្នាមឆេះខ្លោច ។
៣.នៅលើខ្លួនសាកសពជនរងគ្រោះមិនមានស្លាកស្នាមអ្វីផ្សេងទៀតគួរឱ្យកត់សម្គាល់ឡើយ។
ការសន្និដ្ឋាននិងវាយតម្លៃរបស់គ្រូពេទ្យបានបញ្ជាក់ថា÷ សពជនរងគ្រោះ គឺស្លាប់ដោយសារឆក់ចរន្តអគ្គីសនីបណ្ដាលឱ្យស្លាប់ពិតមែន។
សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារដើម្បី យកធ្វើបុណ្យតាមប្រពៃណី។