ករណីផ្ទុះអាវុធខ្លីដោយនាយទាហាននៃកងរាជអាវុធហត្ថខេត្តកោះកុង…
ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវករណីផ្ទុះអាវុធខ្លីដោយនាយទាហាននៃកងរាជអាវុធហត្ថខេត្តកោះកុង ឈ្មោះ មាស ដារ៉ាសាផុន អត្តលេខ១៩៦៤៣៤ ឋានន្តរសក្តិ វរសេនីយ៍ត្រី មុខងារ អនុប្រធានមន្ទីរសម្ភារបច្ចេកទេស។
កាលពីម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ផ្លូវជាតិ៤៨ ក្បែរលោកយាយម៉ៅ) មានករណីទំនាស់រហូតដល់ផ្ទុះអាវុធខ្លីចំនួន១គ្រាប់។
ខ្ញុំបាទសូមជម្រាបជូនថា បច្ចុប្បន្ន ឈ្មោះ មាស ដារ៉ាសាផុន កំពុងត្រូវបានស្តាប់ចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។
ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានអុនវត្តច្បាប់ និងទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ចំពោះនាយអាវុធហត្ថណាដែលប្រព្រឹត្តល្មើសច្បាប់ និងល្មើសវិន័យ។
សូមសាធារណជន និងអ្នកសារព័ត៌មានជ្រាប។

