ករណីរថយន្តធុនធំមួយគ្រឿង បានបើកកៀរម្នាក់ឲ្យរងរបួសធ្ងន់

ពោធិ៍សាត់៖ កាលពីថ្ងៃព្រហស្បតិ៍ ១កេីត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពស ២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង៣និង៥០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកFUSO កៀរក្មេងជិះកង់ក្នុងដំណើរស្របទិសគ្នាពីលិចមកកើត នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨-២០៩ ស្ថិតនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន បណ្តាលឲ្យរងរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរចុះជួយដល់កន្លែងកើតហេតុ និងបានរាយការណ៍ដល់សមត្ថកិច្ចនគរបាលក្នុងមូលដ្ឋានជួយអន្តរាគមន៍។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាក(FUSO) ពណ៌ខៀវពាក់ផ្លាកលេខ កំពង់ស្ពឺ3A-5868 សណ្ដោងរ៉ម៉ក ផ្លាកលេខរ៉ម៉ក កំពង់ស្ពឺ4A- 0216 (អញ្ញាតជន) បានបើករថយន្ត កៀរក្មេងជិះកង់នៅចំណុចកើតហេតុខាងលើបណ្តាលឲ្យ ក្មេងជិះកង់ឈ្មោះ អឿន យូអុី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកបាកាន។ ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្កបានបើករត់គេចពីកន្លែងកើតហេតុ ទៅទិសខាងកើត មកដល់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានឃាត់រថយន្តបង្កនោះ ប៉ុន្តែអ្នកបើកបររថយន្តនោះមិនឈប់ បានបើករត់គេចទៅមុខទៀត កម្លាំងសមត្ថកិច្ចជំនាញយើង បានបើកឡានដេញតាមពីក្រោយ ពេលទៅដល់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ ស្ថិតភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ទើបអ្នកបើកបររថយន្តនោះ បានឈប់រថយន្តនិងបានចុះរត់គេចខ្លួនបាត់។

បច្ចុប្បន្នវត្ថុតាងរួមមាន៖កង់និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលជំនាញបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីរៀបចំសំណុំរឿង។ ចំពោះករណីនេះកម្លាំងសមត្ថកិច្ចនគរបាលជំនាញកំពុងបន្តធ្វើការស្រាវជ្រាវរកអ្នកបើកបរខាងលើយកមកដោះស្រាយទៅតាមនីតិវិធី៕