ករណីរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យ 

ស្នងការដ្ឋាននគរបាលជាតិ÷ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៤៨នាទី លើផ្លូវលេខ១៤៣ ត្រង់ចំណុចភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គឿង ម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-5688 ( រថយន្តមន្ទីរសាធារណការណ៍ខេត្តកំពង់ស្ពឺ) បើកបរដោយឈ្មោះ ម៉ម វិរៈ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ចំណុចខាងលើ បានប៉ះម៉ូតូ ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខៀវ ម៉ៅ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិក្រាំង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា រួចបត់ឆ្លងផ្លូវពីទិសខាងលិច ទៅទិសខាងកើត បណ្តាលឲ្យឈ្មោះ ខៀវ ម៉ៅ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ចំពោះវត្ថុតាងទាំងពីរ រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្គុះ ។ ចំណែកអ្នកបើកបររថយន្ត បាននាំមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីចាត់ការតាមនីតិវិធី ៕