ករណីលង់ទឹកស្លាប់ពេលទៅរកខ្ចៅ និងលៀស
កើតហេតុថ្ងៃទី ០២.០៨.២០២០ វេលាម៉ោង០៨:៣០នាទីព្រឹក ចំណុចក្នុងទន្លេមេគង្គលើ(កោះស្នេហា)ស្ថិតក្នុង ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ជនរងគ្រោះ ឈ្មោះ ជា សារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ
- មានទីលំនៅភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
កន្លងមកជនរងគ្រោះធ្លាប់ទៅរកខ្ចៅ និងលៀសជាមួយម្តាយ និងម្តាយមីង ព្រមទាំងអ្នកជិតខាងរៀងរាល់ថ្ងៃនៅចំណុចកើតហេតុខាងលើ។
លុះដល់ថ្ងៃទី០២.០៨.២០២០ វេលាម៉ោង ៦:០០នាទីព្រឹក ជនរងគ្រោះបានចេញពីផ្ទះជាមួយម្តាយបង្កេីតរបស់ខ្លួនរួមទាំងម្តាយមីងនិងអ្នកជិតខាង នាំគ្នាទៅរកខ្ចៅ និងលៀសដូចសព្វដងដោយជិះទូកឈើ ពីមាត់ច្រាំងទៅចំណុចកើតហេតុខាងលើ ពេលទៅដល់កន្លែងកើតហេតុជនរងគ្រោះបាននាំគ្នាចុះរាវរកខ្ចៅនិងលៀស ។ ពេលនោះជនរងគ្រោះបានយកបង្គោលឫស្សីបោះជាប់នឹងដីខ្សាច់ដេីម្បីចងទូក នៅពេលនោះក៏មានខ្យល់មានរលកបក់បោក បណ្ដាលឱ្យទូករបូតខ្សែចេញឆ្ងាយពីខ្លួន ឃេីញដូច្នេះជនរងគ្រោះក៏បានហែលទៅយកទូកមកវិញ ពេលនោះម្ដាយជនរងគ្រោះក្រឡេកឃេីញក៏ស្រែកប្រាប់ជនរងគ្រោះថា÷ មិនបាច់ហែលទៅយកទេ ចាំអោយទូកវៀតណាមទៅយកអោយ តែជនរងគ្រោះមិនស្ដាប់នៅតែហែលទឹកទៅយកទូកនោះដដែល បន្ទាប់មកជនរងគ្រោះបានស្រែកហៅម្ដាយនិងម្ដាយមីងអោយជួយ ពេលនោះម្តាយនិងម្ដាយមីងទៅជួយជនរងគ្រោះមិនបានដោយសារទឹកហូរអូសទូក និងជនរងគ្រោះមកឆ្ងាយពីច្រាំង ពេលនោះជនរងគ្រោះបានរបូតដៃពីទូក លិចខ្លួនចូលក្នុងទឹកបាត់ ក្រោយមកម្តាយនិងម្ដាយមីងបាននាំគ្នាជួលទូកបងប្អូនវៀតណាមអោយមកជួយរកជនរងគ្រោះ តែរកមិនឃើញ។ រហូតមកដល់វេលាម៉ោង១៧:០០នាទី សមត្ថកិច្ចយើង និងក្រុមគ្រួសារបាននាំគ្នាជួលទូកវៀតណាមអូសសន្ទូចដើម្បីរកជនរងគ្រោះ ពេលនោះផ្លែសន្ទូចក៏បានទាក់អាវជនរងគ្រោះហេីយក៏នាំគ្នាលើកសព្វជនរងគ្រោះមកតម្កល់នៅផ្ទះ នៅភូមិដេីមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល។ បន្ទាប់មកផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រកាកោងទី១ កម្លាំងប៉ុស្តិ៍រកាកោងទី២ អាជ្ញាធភូមិ-ឃុំនិងពេទ្យមណ្ឌលសុខភាពឃុំ ធ្វើការពិនិត្យសាកសពជនរងគ្រោះឃេីញថា÷ នៅលេីខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួអោយកត់សំគាល់ឡេីយ មានតែវត្ថុរាវហូចេញតាមច្រមុះនៅពេលដែលជំនាញក្រឡាប់សពពិនិត្យ។
ការសន្និដ្ឋាននិងវាយតម្លៃឃើញថា÷ចំពោះសាកសពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
សាកសពជនរងគ្រោះបានប្រគល់អោយឈ្មោះ បុិច សុភី ដែលត្រូវជាម្តាយបង្កេីតដើម្បីធ្វើបុណ្យតាមប្រពៃណី ។


