ករណីសិស្សសាលាម្នាក់ ត្រូវបានរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែល រថយន្តរអិលរ៉េចង្កូតក្រឡប់ក្រោយ មកប៉ះម៉ូតូខ្លួន កំពុងធ្វើដំណើរនោះ

សិស្សសាលាម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង យ៉ាងអណោចអធ័មបំផុត និង ០២នាក់ទៀត បានរងរបួស ខណៈដែល រថយន្តដឹកគ្រឿងបរិក្ខាសំណង់ ០១គ្រឿង បានរ៉េចង្កូតរអិលកិន ។ ហេតុការណ៍អាក្រក់នេះ កើតឡើង នៅវេលាម៉ោង ៨.០០ព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នេះ ខណៈដែលរថយន្តនោះ បើកបរពីទិសដៅ ទីរួមខេត្តកំពង់ចាម ហើយព្យាយាមឡើងទៅតាមផ្លូវ នៅជើងភ្នំហាន់ជ័យ ជាមួយនឹងមេឃកំពុងភ្លៀងរំលឹមស្រិចៗ ត្រង់ចំណុចខាងមុខវិទ្យាល័យ ឈីន លាន (ហាន់ជ័យ) ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមប្រភព ពីកន្លែងហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3A-7146 ពណ៌ ស ដឹកគ្រឿងបរិក្ខាសំណង់ បើកបរពីទិសដៅ ទីរួមខេត្តកំពង់ចាម ឆ្ពោះទៅកន្លែងកើតហេតុ ។ លុះដល់ចំណុចនេះ ក៏បានរអិលរ៉េចង្កូត បណ្តាលឲ្យថយក្រោយមកកិនម៉ូតូ ១គ្រឿង ម៉ាក់ហុងដា ២០២០ ពណ៌ខ្មៅ ដែលកំពុងធ្វើដំណើរស្របទិសគ្នា និងបើកបរដោយសិស្សសាលា ចំនួន ០៣នាក់ ក្នុងនោះ សិស្ស ០២នាក់ រងរបួស រីឯសិស្សម្នាក់ទៀត ត្រូវរថយន្តកិនស្លាប់ភ្លាមៗ នៅនឹងកន្លែងហេតុ តែម្ដង ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ នៅលើដងផ្លូវកើតហេតុ ព្រមទាំង ធ្វើការឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត ដើម្បី ចាត់ការតាមនីតិវិធីផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online