ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ បានបំផ្លាញសម្ភារៈអស់មួយចំនួន និងផ្ទះមួយខ្នង
អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ មួយខ្នង និងបានបំផ្លាញសម្ភារៈអស់មួយចំនួន ដែលស្ថិតនៅផ្លូវលេខ១០៥K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង។
ដោយនៅក្នុងប្រតិបត្តិការនេះ គឺមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារអគ្គិភ័យ និងគ្រឿងផ្ទុះ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំមន្ត្រីជំនាញពន្លត់អគ្គិភ័យចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះអគ្គិភ័យ។ ក្រោយពី ទទួលបាននូវបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំលោកនាយរងការិយាល័យ និងមន្ត្រីជំនាញ ចុះប្រតិបត្តិការភ្លាមៗ ដោយក្នុងនោះ បានបញ្ជាទៅគោលដៅដែលបានប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ ដេីម្បីចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះភ្លាមៗផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៤គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន។ ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះ មិនបណ្តាលឲ្យមានអ្នកណារងរបួសឡេីយ។
យ៉ាងណាមិញសម្រាប់មូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលេីនេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី៕