ករណីអគ្គីភ័យមួយកើតឡើងបណ្តាលអោយឆេះកុដិសង់អំពីថ្មប្រកក្បឿងដោយសារដុតទៀនវស្សានៅក្នុងកុដិ

ខេត្ត​តាកែវ​៖​ នៅថ្ងៃសុក្រ ០៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង​ ១៤និង៥៥នាទី នៅវត្តភ្នំបូរី ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីអគ្គីភ័យមួយកើតឡើងបណ្តាលអោយឆេះកុដិសង់អំពីថ្មប្រកក្បឿងមានទំហំ ៩x៩ ម៉ែត្រ ដែលជាកម្មសិទ្ធិរបស់ព្រះតេជគុណ ជុំ ចេង ជាព្រះចៅអធិការវត្តភ្នំបូរី បណ្តាលឲ្យខូចខាត​សម្ភារៈប្រើប្រាស់មួយចំនួនដែលនៅក្នុងកុដិ ។

មូលហេតុៈ បណ្តាលមកពីដុតទៀនវស្សានៅក្នុងកុដិ​ ។
ក្រោយពីទទួលបានពត៌មាននេះកម្លាំងជំនាញអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល រួមជាមួយប្រជាការពារនិងប្រជាពលរដ្ឋក្បែរៗនោះបានចេញជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន​ ០២​ ឡាន ទើបអគ្គីភ័យខាងលើបានរលត់ជាស្ថាពរនិងពុំមានឆេះឆ្លងរាលដាលដល់កុដិផ្សេងៗទៀតឡើយ​ ។