ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់ជាតិផ្តោតសំខាន់លើចំបាប់សម័យ ខណៈការរៀបចំស្របតាមកម្រិតស្តង់ដាអន្តរជាតិ  

CAMSOC-ភ្នំពេញ៖ ការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ កំពុងដំណើរប្រកួតពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០២២ នៅទីលាននៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដោយព្រឹត្តិការណ៍លើកនេះផ្តោតសំខាន់លើវិញ្ញាសាចំបាប់សម័យ ខណៈការរៀបចំលើប្រព័ន្ធដាក់ពិន្ទុជាដើមនោះត្រូវបានធ្វើឡើងតាមទម្រង់ស្តង់ដាអន្តរជាតិ ជាពិសេសស៊ីហ្គេមតែម្តង។

លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ផ្តោតសំខាន់លើវិញ្ញាសាចំបាប់សម័យ។ ក្លិបចូលរួមមានក្លិបកំពង់ឆ្នាំង បារមីម៉ឺនឯក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ។ កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតប្រជែងឆ្នាំនេះ សុទ្ធសឹងតែជាក្រុមជម្រើសជាតិឈុតធំ ឈុតថ្នាលយុវជន និងបម្រុង ដែលហ្វឹកហាត់បិទខ្ទប់ស្ទើរទាំងអស់ (៩៥%) នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកអគ្គលេខាធិការបន្ថែមថា ការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ប្រើប្រាស់កញ្ចប់ថវិកាគំាទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ តាមរយៈការប្រកួតថ្នាក់ជាតិនេះ ក៏ជាការតេស្តសមត្ថភាព ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗ ត្រៀមឆ្ពោះទៅចូលរួមប្រកួត កីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដោយការរៀបចំការប្រកួតនេះ ត្រូវបានរៀបចំឡើងស្របតាមស្តង់ដាអន្តរជាតិ ដូចនឹងការប្រកួតស៊ីហ្គេម ដែរ ដោយប្រើប្រាស់ប្រព័ន្ធការដាក់ពិន្ទុ បន្ទាប់ពីមន្ត្រីបច្ចេកទេសរៀបចំការប្រកួត អាជ្ញាកណ្តាល-ចៅក្រមកីឡាចំបាប់កម្ពុជាទទួលបានការបណ្តុះបណ្តាលបន្ថែម សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិនេះឲ្យស្របតាមការរៀបចំលក្ខណៈអន្តរជាតិ។

សូមបញ្ជាក់ថា ការប្រកួតលក្ខណៈបិទខ្ទប់នេះមានកីឡាករ កីឡាការិនីចូលរួមសរុប ៣៩នាក់ ក្នុងនោះកីឡាករ ៣០នាក់ និងកីឡាការិនី ៩នាក់ ដោយប្រកួតលើប្រភេទចំបាប់សម័យ និងចំបាប់ក្រិកកូរ៉ូម៉ាំង និងបែងចែកជាប្រភេទទម្ងន់ជាច្រើនវិញ្ញាសា៕