ការប្រមូលផលស្រូវប្រាំងក្នុងខេត្តសៀមរាប សម្រេចបានប្រហែលត្រឹម៨០ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២២

គិតត្រឹមរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ការប្រមូលផលស្រូវប្រាំងនៅទូទាំងខេត្តសៀមរាប បានប្រមាណ២១ពាន់ហិកតាហើយ ស្មើនឹង៨០ភាគរយ នៃផ្ទៃដីសរុប ២៨ពាន់ហិកតា នេះបើតាមការឱ្យដឹងពី លោកទា គឹមសុទ្ធ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃដដែលនេះ។

លោកប្រធានមន្ទីរកសិកម្ម បញ្ជាក់ថា ជាទូទៅការបង្កបង្កើនផលស្រូវប្រាំងធ្វើរហូតដល់ខែមេសា ប៉ុន្តែដោយសារពេលកន្លងមក ផ្ទៃដីមួយចំនួនក្នុងខេត្ត ដែលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋជាង ៩ពាន់ហិកតានោះ បងប្អូនប្រជាកសិករពុំបានធ្វើការដាំដុះនោះទេ។ លោកបន្ថែមថា ចំពោះទិន្នផលស្រូវនៅឆ្នាំនេះ កសិករប្រមូលបានជាមធ្យមប្រមាណ ៣តោនក្នុងមួយហិកតា ទិន្នផលល្អជាងឆ្នាំកន្លងទៅ ចំពោះតម្លៃលក់វិញ គឺប្រហាក់ប្រហែលនឹងឆ្នាំកន្លងទៅ ក្នុងរង្វង់ ៩០០រៀល។

ទន្ទឹមនឹងការទទួលបានទិន្នផលល្អនេះ លោកប្រធានមន្ទីរ ក៏បានលើកឡើងផងដែរថា អាកាសធាតុតែងតែមានការផ្លាស់ប្តូរមិនទៀងទាត់ ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះបងប្អូនប្រជាកសិករមុនពេលសម្រេចចិត្តបង្កបង្កើនផលស្រូវក្នុងមួយឆ្នាំ ២ទៅ៣ដង សូមបងប្អូនស្វែងយល់អំពីស្ថានភាពទឹក និងតាមដានសេចក្តីជូនដំណឹងនានារបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ចៀសវាងជួបបញ្ហាកង្វះខាតទឹកនៅពេលចាប់ផ្តើមបង្កបង្កើនផលស្រូវរបស់ខ្លួន។ ជាពិសេស បច្ចុប្បន្ន កម្រិតទឹកនៅផ្នែកខាងលើនៅពុំទាន់មានស្ថានភាពល្អ ចំពោះកម្រិតទឹកក្នុងតំបន់ទន្លេសាប ឥឡូវនេះនៅសល់ប្រហែលជាង១ម៉ែត្រប៉ុណ្ណោះ។ ដោយឡែកក្រៅពីបញ្ហាទឹក បងប្អូនកសិករ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ទៅលើការដាក់ជីថែបំប៉ន កាលណាអត់ នោះទឹកស្មៅនឹងដុះច្រើន ហើយទិន្នផលក៏នឹងថយចុះផងដែរ។

គួររំលឹកថា នាអំឡុងខែសីហា ឆ្នាំ២០២១ គ្រោះរាំងស្ងួត បានបង្កឱ្យមានផលប៉ះពាល់ លើដំណាំស្រូវជិត ១៦ពាន់ហិចតា លើ៨ស្រុក ក្នុងចំណោម១២ក្រុង-ស្រុក ក្នុងខេត្តសៀមរាប ជាមួយនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បាន ដឹកនាំអាជ្ញាធរខេត្ត រួមនិងមន្ត្រីជំនាញ ចុះទៅពិនិត្យដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ យោងតាមរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងឆ្នាំ២០២១ បង្ហាញថា៖ ទិន្នផលស្រូវសរុប ទាំងស្រូវប្រាំង និងស្រូវវស្សា ប្រមូលផលបានចំនួន ជាង៥៧ម៉ឺនតោន លើផ្ទៃដីប្រមូលផលសរុបចំនួន ២១ម៉ឺនហិកតា។

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online