ការផ្លុំខ្យល់វិភាគមេរោគក្រពះ Helicobacter Pylori (H. Pylori)!

មន្ទីរពេទ្យកាល់ម៉ែត÷ ការផ្លុំខ្យល់វិភាគមេរោគក្រពះ Helicobacter Pylori (H. Pylori)!

ក) អ្វីជាការផ្លុំខ្យល់រកមេរោគក្រពះ (H. Pylori)?

ជាវិធីសាស្ត្រមួយដែលអាចអោយយើងធ្វើរោគវិនិច្ឆ័យបានថា អ្នកជំងឺមានមេរោគក្រពះឬទេ ដោយមិនចាំបាច់តំរូវអោយអ្នកជំងឺធ្វើការឆ្លុះក្រពះនោះទេ។

ខ) តើការផ្លុំខ្យល់រកមេរោគក្រពះត្រូវធ្វើឡើងដោយរបៀបណា?

ការធ្វើតេស្តនេះគឺតំរូវអោយអ្នកជំងឺផឹកថ្នាំមួយគ្រាប់ដែលមានសារធាតុអ៊ុយរ៉េ និងកាបូនដែលសារធាតុកាបូននេះអាចអោយគេកំណត់ចំណាំបាន។

បើ H. Pylori មាននៅក្នុងក្រពះវានឹងបំលែងសារធាតុអ៊ុយរ៉េឲ្យទៅជាកាបូនឌីអ៊ុកស៊ីត។ កាបូនឌីអ៊ុកស៊ីតនឹងត្រូវស្រូបចូលទៅក្នុងឈាមហើយត្រូវបញ្ចេញទៅវិញនៅក្នុងសួត (ដង្ហើមចេញ)។ ខ្យល់ដង្ហើមចេញត្រូវបានរក្សាទុកក្នុងថង់មួយដើម្បីធ្វើការពិនិត្យរកកាបូនឌីអ៊ុកស៊ីត។

បើកាបូនដែលមាននៅក្នុងគ្រាប់ថ្នាំត្រូវបានវិភាគរកឃើញដោយម៉ាស៊ីនក្នុងខ្យល់ដង្ហើមរបស់អ្នកជំងឺ នេះបញ្ជាក់បានថាអ្នកជំងឺមានមេរោគ។ ផ្ទុយទៅវិញបើមិនមានកាបូនដែលនៅក្នុងគ្រាប់ថ្នាំត្រូវបានរកឃើញនោះទេ បញ្ជាក់ថាអ្នកជំងឺមិនមានមេរោគក្រពះនោះទេ។

គ) ដើម្បីធ្វើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះ តើអ្នកជំងឺត្រូវត្រៀមអ្វីខ្លះ?

ការធ្វើតេស្តគឺតម្រូវអោយអ្នកជំងឺ៖

– តមអាហារយៈពេល ៤-៦ម៉ោង

– បញ្ឈប់នូវការប្រើប្រាស់ថ្នាំផ្សះរយៈពេលយ៉ាងតិច១ខែ

– បញ្ឈប់នូវការប្រើប្រាស់ថ្នាំក្រពះរយៈពេលយ៉ាងតិច ២ សប្តាហ៍

ឃ) តើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះអាចមានផលវិបាកដែរឬទេ?

មិនមានទេ ជាទូទៅការធ្វើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះអាចធ្វើទៅបានដោយពីរបៀប

– ដោយការប្រើប្រាស់នូវកាបូន១៤ (ដែលមានសារធាតុវិទ្យុសកម្ម)

– ដោយការប្រើប្រាស់នូវកាបូន១៣ (មិនមានសារធាតុវិទ្យុសកម្ម)

ការធ្វើតេស្តដោយការប្រើប្រាស់នូវកាបូន១៤ត្រូវបានគេរកឃើញមុនដំបូង និងត្រូវដាក់អោយប្រើប្រាស់ដោយប្រុងប្រយ័ត្ន ព្រោះតេស្តនេះមានបង្កប់នូវសារធាតុវិទ្យុសកម្មដែលអាចអោយប៉ះពាល់ដល់សុខភាព។ ការសិក្សាជាបន្តបានបង្ហាញអោយឃើញថាវិទ្យុសកម្មដែលមាននៅក្នុងការធ្វើតេស្តដោយកាបូន១៤ គឺមានចំនួនតិច (គឺវាមានការប៉ះពាល់តិចតួចបំផុត) ដែលត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពនិងអាចទទួលយកបាន។

ចំណែកឯការធ្វើតេស្តដោយការប្រើប្រាស់នូវកាបូន១៣ត្រូវបានរកឃើញថា មិនមានសារធាតុវិទ្យុសកម្មដែលអាចប៉ះពាល់ដល់សុខភាពនោះទេ។

ក្រុមគ្រូពេទ្យជំនាញឯកទេសក្រពះ ពោះវៀននៃមន្ទីពេទ្យកាល់ម៉ែត បានជ្រើសរើសយកម៉ាស៊ីនតេស្តដែលប្រើប្រាស់នូវកាបូន១៣ ដែលមានលក្ខណៈទំនើបចុងក្រោយនៃបច្ចេកវិទ្យា ប្រកបដោយគុណភាព និងសុវត្ថិភាព ធានាបាននូវការពារសុខភាព១០០%។

«ដូច្នេះបើលោក លោកស្រីមានមន្ទិលលើបញ្ហារោគក្រពះ ហើយមានបំណងស្វែងរកការធ្វើរោគវិនិច្ឆ័យតាមរយៈការធ្វើតេស្តរកមេរោគក្រពះដោយការផ្លុំខ្យល់ដែលជាបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប សូមលោក លោកស្រីអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែតជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស។»