ការបាញ់សម្លាប់មេទ័ពអ៊ីរ៉ង់ស្របច្បាប់ ឬក៏អត់តាមច្បាប់អន្តរជាតិ ?
អាមេរិកបានប្រើដ្រូនបាញ់សម្លាប់មេទ័ពអ៊ីរ៉ង់ដោយបណ្តាលឲ្យមានភាពតានតឹងមួយដែលត្រូវតាមដានពេញពិភពលោក ។ តើការបាញ់សម្លាប់នេះខុសច្បាប់ ឬអត់តាមច្បាប់អន្តរជាតិ ។ ចំពោះសំនួរមួយនេះ សារព័ត៌មានប៊ីប៊ីស៊ីរបស់អង់គ្លេសបានរាយការណ៍ថា អាមេរិកនឹងអះអាងថា មេទ័ពអ៊ីរ៉ង់ឈ្មោះ សូឡេម៉ានី គឺទទួលខុសត្រូវចំពោះការវាយប្រហារទៅលើកងទ័ពអាមេរិកនៅអ៊ីរ៉ាក់ ។
សូឡេម៉ានី គឺជាមនុស្សដែលក្រុងវ៉ាស៊ីនតោនគិតថា មានបាតដៃប្រឡាក់ឈាមជនជាតិអាមេរិក ខណៈដែលអង្គការចាត់តាំង Quids ដែលគាត់ដឹកនាំត្រូវបានអាមេរិកចាត់ទុកថា ជាអង្គការចាត់តាំងភេរវកម្មមួយ ។ ដូច្នេះការធ្វើឲ្យបាត់បង់ជីវិតនេះអាចនឹងត្រឹមត្រូវតាមច្បាប់ក្នងការគិតរបស់អាមេរិក ។ ប៉ុន្តែអ្នកប្រាជ្ញផ្នែកច្បាប់អន្តរជាតិដ៏ល្បីម្នាក់ គឺឈ្មោះម៉ារី អេលេន អូខន់ណែលបានពន្យល់ថា ស្វ័យការពារ ( self-defence) តាមរយៈការវាយប្រហារជាមុន ដើម្បីទប់ស្កាត់ហេតុការណ៍មួយដែលមិនទាន់កើតមាន គឺមិនត្រឹមត្រូវតាមផ្លូវច្បាប់ទេ ។
ច្បាប់ដែលមានភាពទាក់ទងរឿងនេះ គឺធម្មនុញ្ញសហប្រជាជាតិដែលឲ្យនិយមន័យស្វ័យការពារថា ជាសិទ្ធិឆ្លើយតបចំពោះការវាយប្រហារដោយអាវុធដ៏ជាក់ស្តែងមួយ ។ ការប្រើដ្រូនធ្វើឲ្យបាត់បង់ជីវិតឧត្តមសេនីយសូឡេម៉ានី នៅទីក្រុងបាដាដ មិនមែនជាការឆ្លើយតបទៅនឹងការវាយប្រហារប្រដាប់អាវុធមកលើអាមេរិកទេ ។ អ៊ីរ៉ង់មិនទាន់បានធ្វើការវាយប្រហារទៅលើដែនដីអធិបតេយ្យរបស់អាមេរិកនៅឡើយទេ ។ នៅក្នុងករណីនេះ អាមេរិកមិនត្រឹមតែធ្វើការបាត់បង់ជីវិតក្រៅប្រព្ធ័ច្បាប់ទេ អាមេរិកក៏បានធ្វើការវាយប្រហារខុសច្បាប់នៅក្នុងទឹកដីអ៊ីរ៉ាក់ផងដែរ ៕
ប្រភព៖ https://kohsantepheapdaily.com.kh/