ការប្រឈមមុខដាក់គ្នារវាងកងទ័ព២ប្រទេស មនុស្សជាង២០នាក់ត្រូវបាត់បង់ជីវិត
ប្រទេសស៊ីរី-តួកគី ៖ ការប្រយុទ្ធគ្នាខ្លាំងក្លានានាកើតមានកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ រវាងកងទាហានតួកគី និងស៊ីរី នៅភាគពាយ័ព្យស៊ីរី បណ្ដាលឲ្យទាំងសងខាងបាត់បង់អាយុជីវិតមនុស្សជាង២០នាក់។ នោះជាការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរបំផុតរវាងប្រទេសទាំង២ ក្នុងប្រទេសស៊ីរីកំពុងមានសង្គ្រាម។

ការប៉ះទង្គិចគ្នាទាំងនេះនាំឲ្យកើនភាពតានតឹងរវាងតួកគី ដែលគាំទ្របណ្ដាក្រុមឧទ្ទាមនៅស៊ីរី និងរុស្ស៊ី ជាអ្នកជួយទ្រទ្រង់របបស៊ីរី ក្នុងសង្គ្រាមប្រឆាំងពួកបះបោរនិងពួកជីហាដ។ ការប្រទួស្តរ៉ាយគ្នាមានរយៈពេលច្រើនម៉ោង ជាការប៉ះទង្គិចគ្នាធ្ងន់ធ្ងរបំផុត ចាប់តាំងពីតួកគីធ្វើអន្តរាគមន៍ក្នុងជម្លោះស៊ីរីពីឆ្នាំ២០១៦មក ដើម្បីប្រយុទ្ធនឹងពួកជីហាដក្រុមរដ្ឋអ៊ិស្លាម និងរុញច្រានកងកម្លាំងឃើតស៊ីរីឲ្យខ្ទាតចេញឆ្ងាយពីព្រំដែនរបស់ខ្លួនមក។
យោងតាមអង្គការសិទ្ធិមនុស្សស៊ីរីOSDH មានប្រភពព័ត៌មានច្រើនក្នុងប្រទេសថា ការប៉ះទង្គិចគ្នាផ្ទុះឡើងមុនពេលព្រឹកព្រហាម ក្រោយការលើកមកដល់នៃក្បួនរថយន្តកាំមីញ៉ុងនិងរថពាសដែកតួកគីចំនួន២៤០គ្រឿង ដល់ជិតទីក្រុងសារ៉ាកេប ក្នុងខេត្តអ៊ីដលីបដែលស៊ីរីប៉ងវាយដណ្ដើមយក។ កងទ័ពស៊ីរីបានបាញ់ទៅលើបណ្ដាទីតាំងតួកគី រួចកងទាហានតួកគីក៏តបតវិញដោយបាញ់កាំភ្លើងធំដាក់បណ្ដាទីតាំងស៊ីរីក្នុងខេត្តអ៊ីដលីប និងខេត្តជាប់ជិតខាងហាម៉ានិងឡាតាគីយេ។

កងទ័ពតួកគីគូសបញ្ជាក់ថា បានកម្ទេចគោលដៅជាច្រើន។ យោងតាមក្រុងអង់ការ៉ាថា ទាហាន៥នាក់ និងសមាជិកបុគ្គលិកស៊ីវិលតួកគី៣នាក់បានត្រូវបាត់បង់ជីវិត។ ខាងផ្នែកស៊ីរិវិញត ាមOSDH ថា ទាហានយ៉ាងតិច១៣នាក់បានត្រូវបាត់បង់ជីវិត និង២០នាក់ទៀតរងរបួស។ ក៏ប៉ុន្តែទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី SANA បានបដិសេធរាល់ការបាត់បង់ជីវិតក្នុងជួរកងទ័ពស៊ីរី។
យោងតាមក្រុងអង់ការ៉ាថា កងយោធាតួកគីដែលរងការវាយប្រហារ ជាកងយោធាបញ្ជូនទៅ អ៊ីដលីប សម្រាប់ពង្រឹងប៉ុស្តិ៍សង្កេតការណ៍តួកគី១២កន្លែងក្នុងតំបន់នោះ។ ចំណែករុស្ស៊ី អះអាងថា ពុំទទួលបានព័ត៌មានពីការពង្រឹងនេះ តែក្រុងអង់ការ៉ាថា បានជូនដំណឹងរួចហើយ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/