ការ​សិក្សា​ថ្មី​៖ ​វីរុសកូវីដ​១៩ ​អាច​តោង​ជាប់​ក្នុង​ច្រមុះ​កុមារ​រហូត​ដល់​៣​សប្ដាហ៍​ ដោយ​មិន​ចេញ​រោគ​សញ្ញា

យោងតាមការសិក្សាមួយពីប្រទេសកូរ៉េខាងត្បូងចេញផ្សាយនៅថ្ងៃសៅរ៍បានឱ្យដឹងថា កុមារ​អាច​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​ឬ​កូវីដ១៩នៅក្នុងច្រមុះរបស់ពួកគេរហូតដល់៣សប្តាហ៍ ខណៈ​ការសិក្សាមុនៗ ក៏បានរកឃើញថា ភាគ​ច្រើន​នៃ​កុមារ​ដែល​មាន​វីរុស​នេះ មាន​រោគ​សញ្ញាស្រាលឬមិនចេញរោគសញ្ញា។

ការរកឃើញទាំងនេះបានជួយបំភ្លឺអំពីពីសំណួរដែលមិនទាន់ដឹងចម្លើយ ថាតើកុមារ​ទំនង​ជាចម្លង​វីរុស​ទៅ​អ្ន​ក​ដទៃ​ដោយ​របៀប​ណា។ ការសិក្សាថ្មីនេះ បានសង្កត់ធ្ងន់​ទៅ​លើ​តួនាទីបន្តនៃរក្សាគន្លាតសុវត្ថិភាព និងធ្វើអនាម័យ​ឱ្យ​បាន​ល្អ នៅពេលកុមារ​ត្រឡប់​ចូល​រៀនក្នុងសាលារៀនឡើងវិញនៅក្នុងបរិបទកូវីដ។

ប្រធានសាកលវិទ្យាល័យខាងពេទ្យកុមារនិងសុខភាពកុមារនៅប្រទេសកូរ៉េខាងត្បូង លោកសាស្រ្តាចារ្យ Russell Viner បានពន្យល់ថា មានសំណួរចំនួនបីដាច់​ដោយ​ឡែក​ពី​គ្នា​អំពីកុមារនិងជំងឺឆ្លងកូវីដ១៩ គឺទី១ កុមារ​ឆ្លង​ជំងឺ​នេះ​ទេ ទី២ តើធ្ងន់ធ្ងរប៉ុណ្ណា​សម្រាប់​កុមារដែលឆ្លងវីរុសនេះ និងទី៣ ថាតើពួកគេចម្លងវាទៅអ្នកដទៃដែរទេ។

លោកបន្តថា ឥឡូវគេដឹងច្បាស់ហើយថា កុមារអាចឆ្លងវីរុសនេះ ហើយលទ្ធ​ផល​ធ្វើ​តេស្ត​ឈាម​អង្គ​បដិ​ប្រាណ​បង្ហាញ​ថា ពួកគេអាចងាយរងគ្រោះតិចជាង​បើប្រៀប​ធៀប​ទៅមនុស្សធំ​ក្នុងការឆ្លងជំងឺនេះ ជាពិសេស​ក្មេង​អាយុ​ក្រោម​១២​ឆ្នាំ។

ចំណែកអ្នកវិទ្យាសាស្ត្រ ក៏មានទំនុកចិត្តយ៉ាងមុតមាំថា កុមារទំនងជាធ្លាក់ខ្លួន​ឈឺ​តិច​ជាង​មនុស្សធំ បើទោះបីពួក​គេ​ឆ្លង​ក៏​ដោយ ហើយពួកគេជាច្រើនមិនបានបង្ហាញរោគ​សញ្ញា​អ្វីទាំងអស់។ នេះបើតាម​ការ​សិក្សា​របស់​ប្រទេស​អង់​គ្លេស​ដែល​បានចេញ​ផ្សាយ​កាលពីថ្ងៃសុក្រទី២៨សីហា។

ការសិក្សារបស់ប្រទេសកូរ៉េខាងត្បូង បានផ្អែកលើកុមារ៩១នាក់ បានរកឃើញថា សូម្បី​តែក្នុងចំណោមអ្នក​ដែល​មាន​រោគ​សញ្ញាតិចតួចឬគ្មានរោគសញ្ញា វីរុសកូវីដ១៩ គឺអាច​រក​​ឃើញ​នៅ​ក្នុង​ច្រមុះ​របស់​ពួក​គេ​រហូត​ដល់​៣​សប្តាហ៍​ក្រោយ ដែលសិក្សាសន្និដ្ឋានថា កុមារទាំងនោះ អាចចម្លងជំងឺទៅកាន់អ្នកផ្សេងទៀត៕

ប្រភព៖ ខ្មែរណាស់