កាសែត​កូរ៉េ​ខាង​​ជើង​​បង្ហាញ​​​​ពី​ធម្មយាត្រា​ទៅ​កាន់​ភ្នំ​​​ពែកឌូ ​ដើម្បី​ជម្នះ​ឧបសគ្គ​ផ្សេងៗ​

ក្រុង​សេអ៊ូល៖ កាសែត​ផ្លូវ​ការ​​របស់​កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​ជា​ច្រើន​បាន​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​អាកាសធាតុ​ត្រជាក់​ខ្លាំង ​ដើម្បី​ធ្វើ​ធម្មយាត្រា​មួយ​ទៅ​កាន់​ភ្នំ​ពែកឌូ​កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​ដោយ​បាន​បន់ស្រន់​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ជួយ​កម្ចាត់​ឧបសគ្គ​នានា​មិន​ធ្លាប់​មាន ​ដែល​ប្រទេស​នេះ​កំពុង​​ប្រឈម​​។ ​​

ភ្នំ​ពែកឌូ​ ត្រូវ​បាន​ស្គាល់​ថា ​ជា​កន្លែង​កំណើត​របស់​ឪពុក​របស់​លោក​ គីម ​ជុងអ៊ុន ​និង​អតីត​មេ​ដឹកនាំ​លោក​ គីម ជុងអ៊ីល។ ​ភ្នំ​នេះ ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កន្លែង​ស័ក្តិសិទ្ធិ​មួយ​ជា​ទី​ដែល​ជីតា​របស់​លោក ​គីម ​ជុងអ៊ុន​ និង​ស្ថាបនិក​ប្រទេស​នេះ ​គឺ​លោក ​គីម​ អ៊ីលស៊ុង ​បាន​ធ្វើ​ការ​តស៊ូ​ប្រឆាំង​ជប៉ុន​នៅ​ក្នុង​អំឡុង​ការ​គ្រប់គ្រង​អាណានិគម​ពី​ឆ្នាំ ​១៩១០-១៩៤៥​។

នៅ​ក្នុង​អត្ថបទ​ទំព័រ​មុខ​សារព័ត៌មាន ​Rodong Sinmun​ ជា​កាសែត​ផ្លូវ​ការ​របស់​គណបក្ស ​ដែល​កំពុង​គ្រប់គ្រង​អំណាច​នៅ​កូរ៉េ​ខាង​ជើង ​បាន​និយាយ​ថា ​មនុស្ស​ប្រហែល​ ៥០ ០០០ ​នាក់​ បាន​ទៅ​ទស្សនា​ភ្នំ​ពែកឌូ ​ចន្លោះ​ខែ​ធ្នូ ​និង​ខែ​កុម្ភៈ​។ ​ធម្មយាត្រា​របស់​ពួក​គេ​ មាន​គោល​បំណង​ដោះស្រាយ​ការ​លំបាក ​និង​ឧបសគ្គ​នានា ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ជាមួយ​នឹង​ស្មារតី​បដិវត្តន៍។ ​​​

សារព័ត៌មាន​នេះ ​បាន​និយាយ​ថា៖ ​«អ្វី​ដែល​ចាំបាច់​នៅ​ក្នុង​រយៈពេល​ដ៏​លំបាក​នា​ពេល​បច្ចុប្បន្ន ​គឺ​ស្មារតី​បដិវត្តន៍​ដ៏​ម៊ឺងម៉ាត់​របស់​ជន​សេ្នហា​ជាតិ​ដែល​បាន​តស៊ូ​ប្រឆាំង​នឹង​ជប៉ុន ​និង​ភាព​អង់​អាច​គ្មាន​គូ​ប្រៀប​»។ ​ខ្យល់​អាកាស​នៅ​ភ្នំ​ពែកឌូ ​គឺ​ជា​ខ្យល់​កក់​ក្តៅ​ដែល​នាំ​មក​នូវ​អ្វី​ដ៏​អស្ចារ្យ​ និង​ជ័យជម្នះ​មក​ឲ្យ​ក្រុម​អ្នក​ធ្វើ​បដិវត្តន៍​»។

កាសែត​នោះ​មិន​បាន​បញ្ជាក់​ពី​ឧបសគ្គ​អ្វី​ខ្លះ​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នោះ​ទេ ប៉ុន្តែ​ហាក់​បី​ដូច​ចង្អុល​បង្ហាញ​ពី​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​នៅ​ជា​ធរមាន​ ស្រប​ពេល​ការ​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ជាប់​គាំង៕