កាស៊ីណូចំនួន២១ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដាក់ពាក្យស្នើសុំធ្វើអាជីវកម្មឡើងវិញតាមរយះ…
ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ មានកាស៊ីណូចំនួន២១មូលដ្ឋាន នៅក្នុងខេត្តព្រះសីហនុ បានដាក់ពាក្យស្នើសុំធ្វើអាជីវកម្មឡើងវិញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាឱ្យធ្វើអាជីវកម្ម។

លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញនេះថា ការបើកដំណើរការឡើងវិញ នូវអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តព្រះសីហនុនេះ លុះត្រាតែមានការអនុញ្ញាត ពីក្រសួងសសុខាភិបាល ទើបអាចបើកដំណើរឡើងវិញបាន ខណៈបច្ចុប្បន្នក្រសួងកំពុងដំណើរការរៀបចំនីតិវិធី។
លោកបន្តថា “អ្នកដែលចង់បើកដំណើរការឡើងវិញ ត្រូវតែដាក់ពាក្យស្នើសុំទៅក្រសួងសុខាភិបាល។ ខ្ញុំសូមបញ្ជាក់ថានេះ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ហើយរដ្ឋបានខេត្ត គឺយើងរងចាំនិតិវិធីលម្អិតពីក្រសួងសុខាភិបាលដែរ” ។ លោកបន្ថែមថា “បើក្រសួងអនុញ្ញាត្តិ ក៏យើងអនុវត្តទៅតាមគោលការណ៍ ដែលចេញពីក្រសួងសុខាភិបាល ថា តើត្រូវធ្វើយ៉ាងណាខ្លះ?” ។ លោកឃាង ភារម្យបានបញ្ជាក់ទៀតថា កាលពីកន្លងមកនេះ បានចុះពិនិត្យក្រោមការដឹកនាំចុះត្រួតពិនិត្យ របស់លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាស៊ីណូចំនួន៧មូលដ្ឋានដែលបានស្នើសុំ ហើយក្រោយមករហូតដល់ថ្ងៃនេះ មានចំនួន១៤ទៀតសរុបមានចំនួន២១មូលដ្ឋាន ដែលបានដាក់ពាក្យស្នើសុំបើកអាជីវកម្មឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសអនុញ្ញាតដល់កាស៊ីណូ មានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មឡើងវិញ ប៉ុន្តែមានល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ ។
បើតាមសម្តេចតេជោ ហ៊ុនសែន កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុ ញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការការពារជាមួយជំងឺ Covid-19 ។ កាលពីខែមេសាកន្លងទៅនេះ សម្តេចតេជោហ៊ុន សែនបានសម្រេ ចបិទកាស៊ីណូនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ៕
By: Bonny From: Property area