កីឡាករក្បាច់គុនកងយោធពលខេមរភូមិន្ទ ទទួលបានមេដាយមាស និងប្រាក់ ចំនួន៣គ្រឿងក្នុងការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១
នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ កីឡាករក្បាច់គុន កងយោធពលខេមរភូមិន្ទ ចំនួន៣នាក់ ជំនាញគុនល្បុក្កតោ របស់កងពលតូចថ្មើរជើងលេខ៥១ បានចូលរួមប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ នៅរាជធានី ភ្នំពេញ ទទួលបានមេដាយមាស ចំនួន ២គ្រឿង និងប្រាក់ ចំនួន ១គ្រឿង។ កីឡាករ ដែលទទួលបានមេដាយរួមមាន :
១. ព្រិន្ទបាលឯក ប៉ាត អ៊ួក ទទួលបានមេដាយមាស
២. ពលបាលឯក ឌិប ង៉ែត ទទួលបានមេដាយមាស
៣. ពលបាលឯក ស៊ិន គឹមហេង ទទួលបានមេដាយប្រាក់
សូមបញ្ជាក់ថា កីឡាករក្បាច់គុន កងយោធពលខេមរភូមិន្ទ ជំនាញគុនល្បុក្កតោ របស់កងពលតូចថ្មើរជើងលេខ៥១ សរុបចំនួន១២នាក់ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ និងឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងជំរុញការហ្វឹកហាត់ ដោយយកចិត្តទុកដាក់ និងអស់ពីសមត្ថភាព។
គឺ ដើម្បីត្រៀមខ្លួន ចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ នាខែឧសភាខាងមុខ ជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ៕