កីឡាការិនីកូនកាត់ ៣សាសន៍ ខាន់ ចេសា មោទនភាពបានប្រកួតស៊ីហ្គេមក្នុងនាមជាខ្មែរ

(ភ្នំពេញ)៖ កីឡាការិនីជឺជីតស៊ូ ខាន់ ចេសា បានបង្ហាញមោទនភាពជាយ៉ាងខ្លំាងដែលបានប្រកួតស៊ីហ្គេមលើកទី៣២ នៅក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងនាមជាកូនខ្មែរកាត់ ៣សាសន៍ កីឡាការិនីដ៏ល្បីរូបនេះ បាននិយាយថា «នៅពេលដែលខ្ញុំប្រកួត​ ប្រជាជាតិទាំងមូល នឹងនៅជាមួយខ្ញុំជានិច្ច»។ ខាន់ ចេសា ជាកីឡាការិនីកូនកាត់ ផ្នែកកីឡាជឺជីតស៊ូ ដែលមានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិម៉ិកសិចកូកាត់អាមេរិក។

កើតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០១ នៅរដ្ឋ Texas, ខាន់ ចេសា បានសិក្សាផ្នែកកីឡាដោយបានហាត់លើ កីឡាការ៉េតេដូ រាបាំបាលេ កីឡាបាល់ទាត់ និងបានហាត់រៀនកីឡា ជឺជីតស៊ូនៅអាយុ១២ ឆ្នាំរហូតដល់បច្ចុប្បន្ន

Jessa Khan «លោកប៉ា និងម៉ាក់របស់ខ្ញុំ ធ្លាប់ប្រាប់រឿងរ៉ាវពីកម្ពុជាជាច្រើន ប៉ុន្តែស្គាល់មិនច្បាស់រហូតដល់ខ្ញុំមកដល់ទីនេះ។ កម្ពុជា ខ្ញុំនៅទីនេះជាមួយអ្នក។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើឲ្យអ្នកមានមោទកភាពចំពោះខ្ញុំ ដូចខ្ញុំមានមោទកភាពចំពោះអ្នក។ ខ្ញុំសឹងតែមិនជឿថា ពេលនេះខ្ញុំអាចកាន់ទង់ជាតិចេញទៅប្រកួត វាគឺជាក្តីស្រមៃក្លាយជាការពិត។ ទោះខ្ញុំនៅទីណាក៏ដោយ ខ្ញុំនៅតែជាខ្មែរ ហើយខ្ញុំដឹងថា នៅពេលដែលខ្ញុំប្រកួតប្រជាជាតិទាំងមូល នឹងនៅជាមួយខ្ញុំជានិច្ច»។

កីឡាការិនីដ៏វ័យក្មេងម្នាក់នេះ បានចូលរួមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ថែមទាំងដណ្តើមយកបានមេដាយមាសឲ្យប្រទេសកម្ពុជានៅឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍អាស៊ានហ្គេមក្នុងវិញ្ញាសាជឺជីតស៊ូនេវ៉ាហ្សា (Newaza) ក្នុងវិញ្ញាសារប្រភេទទម្ងន់៤៩ គីឡូ នៅប្រទេសឥណ្ឌូនេស៊ី។

មេដាយមាសនេះបាននាំមកនូវមោទកភាព និងកិត្តិយសជូនជាតិយ៉ាងក្រៃលែង ដែលជាមេដាយមាសដំបូងគេដែលកម្ពុជា ទទួលបានសម្រាប់ប្រភេទកីឡាជឺជីតស៊ូ។ បន្ថែមពីនេះ ខាន់ ចេសា ក៏បានដណ្តើមយកមេដាយមាស មួយទៀត ជូនជាតិមាតុភូមិនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០១៩ សម្រាប់ប្រភេទកីឡាដដែលនេះ។