កីឡាទូកក្ដោងបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសសម្រាប់ត្រៀមរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសរៀបចំការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៧-១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេសរបស់ខ្លួនត្រៀមរៀបចំការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ បានថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើថា ដោយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្នុងនោះក៏នឹងមានប្រភេទកីឡាទូកក្តោង ដែលជាកីឡាលើទឹកដ៏មានប្រជាប្រិយភាពមួយក្នុងតំបន់ និងបណ្តាប្រទេសជាច្រើនលើពិភពលោក ហើយមានប្រតិភូ និងអត្តពលិកមកពីបណ្តាប្រទេសអាស៊ានយ៉ាងតិច ០៨ប្រទេសចូលរួមផងដែរ ។

ដោយហេតុនេះ ទើបសហព័ន្ធបានរៀបចំនូវវគ្គបណ្ដុះបណ្ដាលខាងលើ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេសឆ្ពោះទៅរកចំណេះជំនាញកម្រិតខ្ពស់ សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ ដូច្នេះសហព័ន្ធរំពឹងថា សិក្ខាកាមចូលរួមនឹងទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ដើម្បីកែប្រែនូវចំណុចខ្វះខាត ហើយអភិវឌ្ឍន៍ខ្លួនស្របតាមនិយាមអន្ដរជាតិ ដែលអាចរៀបចំការប្រកួតជាលក្ខណៈអន្ដរជាតិបាន ។

អគ្គលេខាធិការសហព័ន្ធដដែល បានគូសបញ្ជាក់បន្ថែមថា ក្រោយពីការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅតំបន់ឆ្នេរសុខា ខេត្តព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ កម្ពុជាបានសម្រេចជោគជ័យគួរជាទីមោទន ទាំងការរៀបចំ ការទទួលបដិសណ្ឋារកិច្ច និងទីលានប្រកួត ដែលទទួលបានការវាយតម្លៃខ្ពស់ពីអ្នកជំនាញអន្ដរជាតិ ពិសេសលើសមត្ថភាពមន្ដ្រីបច្ចេកទេសកម្ពុជាថា អាចទទួលរៀបចំការប្រកួតកម្រិតអន្ដរជាតិបានទៀតផង ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ២៥នាក់ (ស្រីម្នាក់) ដោយផ្តោតសំខាន់លើការសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ។ សម្រាប់ទ្រឹស្ដី គ្រូឧទ្ទេសបានបង្ហាញអំពីប្រវត្តិនៃកីឡាទូកក្តោង សម្ភារៈប្រើប្រាស់សំរាប់រៀបចំការប្រកួត ក្បួនខ្នាតនៃទីលានប្រកួត ការប្រើប្រាស់សញ្ញាផ្សេងៗ និងបទបញ្ញាត្តិនៃការប្រកួតជាដើម ។ រីឯការអនុវត្តជាក់ស្ដែង គឺបានអនុវត្តផ្ទាល់ជាមួយការរៀបចំការប្រកួតមួយ និងមានការពន្យល់ផ្ទាល់ពីគ្រូឧទ្ទេសផងដែរ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online