កីឡាវ៉ូវីណាម បើកយុទ្ធនាការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១
CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ របស់ខ្លួនហើយ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីលាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
ឯកឧត្តម យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៨៦នាក់ មកពី ៩សមាគម/ក្លិប និងក្រសួង ក្នុងនោះមានកីឡាករ ៣៤នាក់ និងកីឡាការិនី ២៤នាក់ ។
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធបានគូសបញ្ជាក់ថា រយៈពេល ៣ថ្ងៃនេះ គឺជាឱកាសសម្រាប់បង្ហាញសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ដែលខិតខំហ្វឹកហាត់កន្លងមក ។ ដូច្នេះឯកឧត្តមបានជំរុញឲ្យអ្នកចូលរួមទាំងអស់ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យលាភី ហើយអាជ្ញាកណ្ដាល-ចៅក្រម ក៏ត្រូវបំពេញតួនាទីភារកិច្ចប្រកបដោយភាពសច្ច និងយុត្តិធម៌ផងដែរ ។
ឯកឧត្តមបន្ដថា កីឡាករ-កីឡាការិនីដណ្ដើមបានជយលាភី និងធ្វើបានល្អក្នុងការប្រកួតថ្នាក់ជាតិនេះ សហព័ន្ធនឹងធ្វើការពិនិត្យដើម្បីជ្រើសរើសចូលរួមក្រុមជម្រើសជាតិ ដោយមិនប្រកាន់ថា មកពីសមាគម/ក្លិប ឬខេត្តណាឡើយ ។ ហេតុនេះកីឡាករ-កីឡាការិនី ត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាពដែលខ្លួនមាន ដើម្បីមានឱកាសប្រកួតតំណាងជាតិ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ស្របតាមពាក្យស្លោកមួយ ដែលសហព័ន្ធបានរំលេចក្នុងវេទិកាប្រកួតប្រចាំឆ្នាំនេះ គឺ «កម្ពុជាឆ្ពោះទៅរកមេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣» ៕