កុងស៊ុលចិនប្រចាំខេត្តសៀមរាបបាននាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១នេះ លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនបាននាំយកអំណោយរបស់ការិយាល័យកុងស៊ុលចិនរួមមាន ម៉ាស់KN95 ៨កេស , ម៉ាស់ពេទ្យ ៣២កេស ថ្នាំ LIAN HUA QING WEN ចំនួន ៣២កេស ,សៀវភៅអភិបាលកិច្ចប្រទេសចិន ភាគ២,ភាគ៣ ជាភាសាអង់គ្លេស១២០ក្បាល ទស្សនាវដ្តីខ្មែរ ៦កេស , Renovation Fee ចំនួន ២ pcs និង រ៉ឺម៉ក់ម៉ូតូកង់បី ចំនួន២គ្រឿង ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាបក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ដើមី្បសម្រាប់ប្រើប្រាស់ក្នុងគ្រាដ៏លំបាកនៃការឆ្លងជកូវីដ-១៩ នេះជាកាយវិការមួយក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សំខាន់រដ្ឋបាលខេត្តសៀមរាប ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង កាត់ផ្តាច់នៅការឆ្លងរីករាលដាលដោយជំងឺកូវីដ-១៩ ។

ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង សំខាន់បញ្ហាសុខមាលភាពសាធារណៈ និង ខិតខំប្រឹងប្រែង ពន្យល់ណែនាំអប់រំជារឿយៗ នូវវិធីសាស្ត្រនិងការណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ឋ ប្រឆាំងបង្កាទប់ស្កាត់ និង កាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩។ ជាក់ស្តែងបច្ចុប្បន្ន នេះ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលដល់សហគមន៍ តាមបទបញ្ជានិងវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និង វិធានការណែនាំ របស់ក្រសួង សុខាភិបាល បានយ៉ាងល្អប្រសើរផងដែរ ។

លោកបានបន្តថា បញ្ហាការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ ជំងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួម បង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ ។ បច្ចុប្បន្ននេះជំងឺកូវីដ-១៩ នៅតែបន្តយាយីដល់សុខភាពរបស់មនុស្សនៅទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា និយាយដោយឡែកនៅខេត្តសៀមរាប ក្នុងពេលកន្លងមកដាក់សង្កាត់មួយចំនួនជាតំបន់ក្រហម ក្នុងក្រុងសៀមរាប។ ការផ្តល់អំណោយ ជាស្បៀងនេះ គឺជាប្រពៃណីជួយចែករំលែកការលំបាក ហើយអ្វីដែលយើងគិតថា វាមានជម្រៅជាងនេះ គឺជាការរួមសុខ-រួមទុក្ខជាមួយគ្នា ក្នុងគ្រាលំបាក និង ជាការជម្រុញលើកទឹកចិត្តផងដែរ ដល់ប្រជាពលរដ្ឋឲ្យបន្តការចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩ ក្នុងសហគមន៍ និង ត្រូវសម្របខ្លួនឲ្យចេះរស់នៅតាមគន្លងបែបថ្មី ដូច្នេះត្រូវគោរពប្រតិបត្តិឲ្យខានតែបាននូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។

លោក អភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសធម៌ របស់លោកស្រី ទ្រី ដាណា ដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ។ ម៉្យាងទៀត គ្រឿងឧបភោគបរិភោគ និង សម្ភារៈទាំងនេះ នឹង ធ្វើការបែងចែកដាក់ទៅតាមមណ្ឌលចត្តាឡីស័កខេត្ត ស្រុក យកទៅប្រើប្រាស់។ ក្នុងនោះដែរលោកក៏បានលើកផងដែរថា ទោះបីយើងបានចាក់វ៉ាក់សាំងគ្រប់ដូសក៏ពិតមែន ក៏យើងត្រូវបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ពីព្រោះថា កូវិដមិនរើសអើងដល់ជនណាម្នាក់នោះឡើយ នៅពេលដែលយើងមានការធ្វេសប្រហែសនោះ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online