កូនប្រុសអនុពន្ធនាគារខេត្ត និងមិត្តភក្តិជាប់ចោទជួញដូរថ្នាំញៀន
ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដែលគេស្គាល់ជាកូនប្រុសរបស់អនុពន្ធនាគារខេត្តកណ្តាលម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញឿនដ៏សកម្មប្រចាំក្រុងតាខ្មៅនោះ ត្រូវបានកម្លាំងពិសេសរបស់អធិការនគរបាលក្រុងតាខ្មៅ រហស្សនាម ក្រុមស្រមោច សហការជាមួយកម្លាំងផ្នែកគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី ចុះបង្ក្រាបឃាត់ខ្លួនបាន រួមនឹងថ្នាំញៀនមួយចំនួនធំ។
ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ឈ្មោះបែសថាន្នី ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ជនសង្ស័យទាំង៣នាក់ខាងលើ ក្នុងនោះ ១-ឈ្មោះនីម ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ ជានិស្សិត នៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេស្គាល់ថាជាកូនអនុពន្ធនាគារខេត្តកណ្តាល ២-ឈ្មោះទួត សុវណ្ណពិសិដ្ផ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និង៣-ឈ្មោះ ហង់ ស្រីកា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបំរើការងារក្នុងខារ៉ាអូខេ ស្នាក់នៅផ្ទះជួលក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំណែកវត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៣កញ្ចប់ធំតូច, ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយនិងថង់សំរាប់វេចច្ចប់មួយចំនួន, ទូរស័ព្ឌ១គ្រឿងម៉ាកណូគាអិនចុចពិល, ដែកកេះចំនួន៣, ជញ្ជីងសំរាប់ថ្លឹងចំនួន១, ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិក ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ១HQ-៤០៣១, លុយចំនួន៤៩០០០រៀល និងកាបូបដៃសំរាបដាក់ថ្នាំញៀនចំនួន១។

លោកវរសេនីយ៍ត្រី ឃុត សុធា អធិការរងទទួលផែនគ្រឿងញៀនៃអធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅបានសហការជាមួយកំលាំងព្រហ្មទណ្ឌ រហស្សនាមក្រុមស្រមោច និងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សីបានចេញល្បាតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅតាមបណ្តាយផ្លូវជាតិលេខ២ លុះមកដល់ចំណុចមុខសាលាបែលធី ស្ថិតក្នុងភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ជួបនឹងជនសង្ស័យឈ្មោះនីម ម៉ានិត ក៏ហៅឈប់ឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់តូចក៏នាំមកអធិការក្រុងតាខ្មៅដើម្បីសួរបំភ្លឺ និងឈានទៅឆែកក្នុងបន្ទប់១១០ផ្ទះសំណាក់យីហោ បែសថាន្នី នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកអធិការរងបានបន្តថា ភ្លាមៗនោះលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅដល់បន្ទប់១១០ ដោយមានការសហការពីម្ចាស់ផ្ទះសំណាក់ក៏ចូលឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់ធំ និងឃាត់ខ្លួនឈ្មោះ ទួត សុវណ្ណពិសិដ្ឋ និងឈ្មោះ ហង់ ស្រីកា បញ្ជូនមកកាន់អធិការនគរបាលក្រុងតាខ្មៅតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទួត សុវណ្ណពិសិដ្ឋ បានសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់ដែលមិនស្គាលឈ្មោះនៅម្តុំក្តាន់ពីរនៅភ្នំពេញក្នុងតម្លៃ៥០០ដុល្លារដើម្បីលក់បន្ត។

បច្ចុប្បន្នចំពោះជនសង្ស័យ ព្រមទាំវត្ថុតាងត្រូវបានយកមកកាន់អធិការរដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)





អត្ថបទ៖ https://kohsantepheapdaily.com.kh/