កូរ៉េខាងជើងគំរាមសាកល្បងនុយក្លេអ៊ែរឡើងវិញ
ប្រទេសកូរ៉េខាងជើង-៖ តាមទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើងKCNA មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន ថ្លែងកាលពីថ្ងៃទី១មករាថា ប្រទេសរបស់លោកនឹងធ្វើការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរឡើងវិញ ហើយនាពេលខាងមុខឆាប់ៗនឹងមានអាវុធយុទ្ធសាស្ត្រថ្មីមួយ។
ការប្រកាសនេះកើតមានបន្ទាប់ពីក្រុងព្យុងយ៉ាងឲ្យដឹងថា ខ្លួនសន្យាដើរលើផ្លួវថ្មីដោយសារតែគ្មានសម្បទាននានារបស់ក្រុងវ៉ាសិុនតោន មុនដំណាច់ឆ្នាំ២០១៩ ខណៈការពិភាក្សាស្ដីពីការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េស្ថិតក្នុងភាពទ័លច្រក។ លោកគីមជុងអ៊ុនអះអាងថាគ្មានហេតុផលណាមួយ សម្រាប់កូរ៉េខាងជើងប្រកាន់ការសន្យាផ្អាកសាកល្បងនុយក្លេអ៊ែរដែលខ្លួនធ្លាប់ប្រកាសឡើយ ខណៈដែលអាមេរិកចរចារបៀបជាអ្នកលេង ដោយបន្តសមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូងនិងដោយដាក់ទណ្ឌកម្មថែម។
លោកគីមជុងអ៊ុនបានសន្យាបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ប្រទេស ដោយទុកទ្ធារនៅបើកចំហសម្រាប់ការចរចាហើយថ្លែងថា ទំហំនៃការអភិវឌ្ឍន៍នេះ នឹងធ្វើឲ្យសមាមាត្រជាមួយនឹងឥរិយាបថរបស់សហរដ្ឋអាមេរិក។ ពិភពលោកនឹងធ្វើសាក្សី ចំពោះអាវុធយុទ្ធសាស្ត្រថ្មីដែលកូរ៉េខាងជើងនឹងមាន ក្នុងពេលខាងមុខឆាប់ៗ។ លោកថាចង់មានអាវុធនុយក្លេអ៊ែរដែលខ្លាំងគ្រប់គ្រាន់ ដើម្បីអាចទប់ការគំរាមរបស់អាមេរិក ហើយធានាសន្តិសុខរបស់កួរ៉េខាងជើងក្នុងរយៈពេលយូរអង្វែង។
នៅក្រុងវ៉ាស៊ិនតោនរដ្ឋមន្ត្រីការបរទេសអាមេរិកលោកMIKE POMPEOនិយាយថា លោកសង្ឃឹមដែលក្រុងព្យុងយ៉ាង ជ្រើសរើសយកសន្តិភាពនិងភាពរុងរឿង ជាជាងជម្លោះនិងសង្គ្រាម៕
ប្រភព៖ https://kohsantepheapdaily.com.kh/