កូរ៉េខាងជើង ហាមប្រជាជនមិនឲ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈដោយមិនពាក់ម៉ាស់
ក្រុងសេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេស កូរ៉េខាងជើង បានដាក់បម្រាមប្រជាជនមិនឲ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ដោយគ្មានការពាក់ម៉ាស់ជាវិធានការមួយបង្ការទុកជាមុន ដើម្បីទប់ស្កាត់ការផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី។
ប្រទេស កូរ៉េខាងជើង មិនបានរាយការណ៍អះអាងអំពីការផ្ទុះជំងឺកូវីដ ១៩ ណាមួយនោះទេ ប៉ុន្តែប្រទេសមួយនេះ ប៉ុន្តែតាមការរាយការណ៍ ថា មានការដាក់មនុស្សរាប់ពាន់នាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីក្រុមគ្រូពេទ្យ ជុំវិញការឆ្លងប្រកបដោយសក្តានុពល និងចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នៅក្នុងនោះមានការបិទព្រំដែនរបស់ខ្លួន និងបង្ខំឲ្យដាក់នៅដាច់ដោយឡែកពីគេយ៉ាងតឹងរ៉ឹងថែមទៀតផង។
សារព័ត៌មាន Rodong Sinmun ជាកាសែតផ្លូវការរបស់គណបក្សដែលកំពុងគ្រប់គ្រងអំណាចរបស់កូរ៉េខាងជើង បានដាក់ចំណងជើងរឿងមួយស្តីពីការណែនាំចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាងសម្រាប់ក្រុមពលរដ្ឋរបស់ខ្លួន នៅក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ដែលបានតម្រូវឲ្យក្រុមអ្នកដំណើរពាក់ម៉ាស់ និងលាងដៃរបស់ពួកគេមុនឡើងជិះរថភ្លើង រថភ្លើងក្រោមដី រថយន្តក្រុង និងតាក់ស៊ីធ្វើដំណើរទៅណាមកណានោះ។
កាសែតនោះ បាននិយាយថា ប្រជាជនកូរ៉េខាងជើង នឹងត្រូវតែត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេនៅមុនប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ដើម្បីការធ្វើដំណើរផ្លូវឆ្ងាយ ហើយប្រសិនបើពួកគេបានបង្ហាញអំពីរោគសញ្ញាគួរឲ្យសង្ស័យ ពួកគេគួរត្រូវបានហាមប្រាមមិនឲ្យឡើងជិះរថភ្លើងជាដាច់ខាត៕
អត្ថបទ៖ https://www.postkhmer.com/