កូវីដ-១៩ ប្រភេទអូ​មី​ក្រុង ទម្រង់​ «បំបាំងកាយ» អាច​គំរាមកំហែងខ្លាំង​ក្លា​​ដល់​ពិភពលោក​

កាលពី​សប្ដាហ៍​មុន ក្រុម​អ្នកវិទ្យាសាស្ត្រ​បានកំណត់ «អត្តសញ្ញាណ» នៃ​ទម្រង់​ទី ២ របស់ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ដែល​គេ​ពិបាក​រកឃើញ​ដោយ​ការធ្វើ​តេស្ត PCR។ វា​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ហៅថា ទម្រង់ «បំបាំងកាយ» របស់ អូ​មី​ក្រុង ដែល​ទំនងជា​នឹង​បង្ក​ការ​ស្មុគស្មាញ​ក្នុងការ​តាមដាន និង​គ្រប់គ្រង​ការឆ្លង​រាលដាល​បន្ថែមទៀត។

វត្តមាន​របស់​ទម្រង់​ថ្មី​ខាងលើនេះ បាន​នាំឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បំបែក វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ជា ២ ទម្រង់ រួមមាន អូ​មី​ក្រុង​ស្ដង់ដា (ទម្រង់​ដើម) ឬ​ហៅថា BA.1 និង​ទម្រង់​ថ្មី BA.2។ មកដល់​បច្ចុប្បន្ន BA.1 គឺជា​ទម្រង់​ដែល​គេ​ស្គាល់​ច្រើន និង​ត្រូវបាន​រកឃើញ​ក្នុងប្រទេស​រាប់សិប ហើយ​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ជំនួស វ៉ា​រ្យ៉​ង់ ដេ​លតា។ ចំណែក​ទម្រង់ BA.2 ទើបតែ​ត្រូវបាន​រកឃើញ​ជិត ១០ ករណី​ប៉ុណ្ណោះ ប៉ុន្តែ BA.2 ពុំមាន​ចំណុច​ពិសេស​ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​ការធ្វើ​តេស្ត PCR សោះឡើយ។ ប្រការនេះ​អាច​ប៉ះពាល់​ដល់​ការតាមដាន​អំពី​អត្រា​នៃ​ការឆ្លង​រាលដាល​របស់ BA.2។

ជាធម្មតា វីរុស SARS-CoV-2 (កូ​វីដ-១៩) រួមមាន​ហ្សែ​ន​ចំនួន ៤ គឺ N, S, E និង ORF។ ការធ្វើ​តេស្ត PCR ពេញលេញ​អាច​រកឃើញ​ហ្សែ​ន​ទាំងនេះ។ អូ​មី​ក្រុង ទម្រង់​ដើម ខ្វះ​កំណាត់​ហ្សែ​ន S ដូច្នេះ ការធ្វើ​តេស្ត PCR នៅតែ​អាច​រកឃើញ​អ្នក​វិជ្ជមាន​នឹង អូ​មី​ក្រុង ដោយ​មិនបាច់​វិភាគ​ហ្សែ​ន។ «អូ​មី​ក្រុង​បំបាំងកាយ» មាន​ចំណុច​ដូចគ្នា​ជាច្រើន ធៀប​នឹង អូ​មី​ក្រុង​ដំបូង ប៉ុន្តែ កំណាត់​ហ្សែ​ន S នៅតែមាន នាំឱ្យមាន​ការពិបាក​ក្នុង​បែងចែក​ប្រភេទ នៅពេល​ធ្វើតេស្ត PCR។

ជាមួយ BA.1 ការធ្វើ​តេស្ត PCR អាច​រកឃើញ​ចំណុច​ពិសេស «ខ្វះ​កំណាត់​ហ្សែ​ន S» ដើម្បី​បែងចែក​វា​ជាមួយនឹង ដេ​លតា ដូច្នេះ អ្នកវិទ្យាសាស្ត្រ​មាន​ភាពងាយស្រួល​ក្នុងការ «ដាក់​ស្លាក» ទៅលើ​សំណាក​ដែល​គួរឱ្យ​សង្ស័យ ដើម្បី​ធ្វើការ​វិភាគ​ហ្សែ​ន​ដោយ​សុក្រឹត។ ដូច្នេះ បន្ទប់​ពិសោធ​នានា​អាច​រកឃើញ​វត្តមាន​របស់ អូ​មី​ក្រុង ទម្រង់ BA.1 នេះ ចាប់ពី ២ ដល់ ៣ ថ្ងៃ បន្ទាប់ពី​បាន​យក​សំណាក​មក​ធ្វើតេស្ត។ ផ្ទុយទៅវិញ អ្នកវិទ្យាសាស្ត្រ​នឹងត្រូវ​ចំណាយពេល​ពី ២ ដល់ ៣ សប្ដាហ៍ នៅក្នុង​ការកំណត់​អត្តសញ្ញាណ​របស់ អូ​មី​ក្រុង ប្រភេទ«បំបាំងកាយ»។

វេជ្ជបណ្ឌិត Davey Smith ប្រធាន​ផ្នែក​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ California San Diego (អាម៉េរិក) អះអាងថា ការយឺតយ៉ាវ​នេះ​អាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ព្រោះថា ក្រុមគ្រូពេទ្យ​ត្រូវ​ការដឹង​អំពី​ពេលវេលា​ដែល​ត្រូវ​ប្ដូរ​វិធីសាស្ត្រ​ព្យាបាល។ ថ្នាំ​ប្រភេទ​ខ្លះ មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង ដេ​លតា ប៉ុន្តែមិនសូវមាន​ប្រសិទ្ធភាព​ចំពោះ អូ​មី​ក្រុង។

បច្ចុប្បន្ន អូ​មី​ក្រុង ប្រភេទ «បំបាំងកាយ» ត្រូវបាន​រកឃើញ​នៅ កាណាដា, អូស្ត្រាលី, អង់គ្លេស និងអាហ្វ្រិក​ខាងត្បូង។ ប៉ុន្តែក្រុម​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថាត្រូវការ​ពេល​បន្ថែម៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online