កំណើនជើងហោះហើរ ជំរុញខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩
នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រុមនិស្សិតសាកលវិទ្យាល័យ INSEAD នៃប្រទេសសិង្ហបុរីចំនួន៨០នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ខណៈជើងហោះហើរពីបរទេសកើនឡើងពីជិត ២០ជើងក្នុងខែ ទៅជិត៤០ជើងក្នុងមួយខែក្នុងរយ:ពេល៣ខែចុងក្រោយនេះ។
ក្នុងឱកាសស្វាគមន៍នោះ លោក លី សុផារី តំណាងលោក ថោង ប៊ុនថារី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បង្ហាញថា អ្នកដំណើរទាំង៨០នាក់នោះ សុទ្ធតែទទួលបានការចាក់វ៉ាក់សាំង និងពុំមានរកឃើញវិជ្ជមានឡើយ។ ក្រុមនិស្សិតបរទេសនេះដែរ នឹងស្នាក់នៅក្នុងខេត្តសៀមរាបរយៈពេល៤ថ្ងៃ។
លោក លី សុផារី បន្ថែមថា ការមកដល់ជាបន្តបន្ទាប់ នៃទេសចរវ៉ាក់សាំងមកកាន់កម្ពុជា បានបង្ហាញពីទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ លើរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងការគ្រប់គ្រង និងរៀបចំខេត្តសៀមរាបជាគោលដៅទេសចរណ៍សុវត្ថិភាព។
លោក សឿង ស៊ីថា ប្រធានការិយាល័យទីក្រុងស្អាត នៃ មន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថា ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ មកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២២ ភ្ញៀវបរទេស ដែលធ្វើដំណើរតាមជើងហោះហើរមានប្រមាណជាង៦,០០០នាក់។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងដំណើរការហោះហើរមានចំនួន៣ រួមមានក្រុមហ៊ុន Singapore Airlines Thai Smile និង Southern China។ តាមការសង្កេតរបស់លោក ការមកដល់របស់ក្រុមនិស្សិតបរទេសនាពេលនេះជាក្រុមអ្នកដំណើរធំដំបូងគេ ក្រោយពីប្រទេសកម្ពុជាបើកឱ្យមានទេសចរណ៍វ៉ាក់សាំង។
គួរជម្រាបថា ក្នុងឱកាសទទួលស្វាគមន៍ក្រុមនិស្សិតសិង្ហបុរីនេះ មានការចូលរួមពី មន្ទីរទេសចរណ៍ខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប សភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប និងសមាគមទេសចរណ៍កម្ពុជាសាខាខេត្តសៀមរាប ព្រមទាំងក្រុមសិល្បៈស្វាគមន៍យ៉ាងកក់ក្ដៅ ៕