កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ២៤លាននាក់ហើយ និងមនុស្សស្លាប់សរុប កើនឡើងដល់ជិត ៨៣ម៉ឺននាក់
វីរុស Covid-19 បានសម្លាប់មនុស្សថ្មីអស់ជាង ៦ពាន់នាក់ គឺចំនួន ៦១៥៣នាក់ និងមនុស្សថ្មីប្រមាណជាង ២៦ម៉ឺននាក់ គឺចំនួន ២៦៤,១៥០នាក់ បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ នៅទូទាំងពិភពលោក ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលនេះបើយោងតាម Worldometer ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែរ សហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងឥណ្ឌា សុទ្ធតែជាប្រទេសដែលមានមនុស្សស្លាប់ ដោយសារវីរុស Covid-19 ចំនួនជាង ១ពាន់នាក់ គឺអាមេរិកមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ ចំនួន ១,២៤៣នាក់ ប្រេស៊ីល ១,០៩០នាក់ និងប្រទេសឥណ្ឌាមានមនុស្សស្លាប់ចំនួន ១,០១៧នាក់ ក្នុងមួយថ្ងៃ។
សូមបញ្ជាក់ជូនថា កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ២៤លាននាក់ហើយ គឺចំនួន ២៤,៣១៥,៤២០នាក់ និងកំណើនមនុស្សស្លាប់សរុប ដោយសារវីរុសនេះបានកើនឡើងដល់ជិត ៨៣ម៉ឺននាក់ គឺចំនួន ៨២៨,៧២១នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយ បានកើនឡើងដល់ជិត ១៧លាននាក់ហើយដែរ គឺចំនួន ១៦,៨៤២,០៣១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕

