កំហឹងស្រ្តីវ័យចំណាស់ខឹងប្តីចិត្តមិនស្មោះ
រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ស្វាយប៉ាកបានឃាត់ខ្លួនស្ត្រីចំណាស់ម្នាក់ បន្ទាប់ពីមានទំនាស់គ្នាក្នុងគ្រួសាររឿងប្តីមានស្រី ហើយប្រើហិង្សារឹតកប្តីបណ្តាលឱ្យដួលបាត់បង់ជីវិត ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែមករា នៅផ្ទះលេខ៥៨៩ ផ្លូវលំ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ស្ត្រីដែលក្លាយជាឃាតករសម្លាប់ប្តីនេះត្រូវបាននគរបាលឲ្យដឹងថា ឈ្មោះ សុខ សុវណ្ណរ៉ា អាយុ៥៧ឆ្នាំ ជាអ្នកលក់នំបញ្ចុក ។ ចំណែកប្តីឈ្មោះ ស្បោង គឹម អាយុ៥៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនសម្លាប់សត្វល្អិត បានដួលស្លាប់នៅមុខផ្ទះរបស់ខ្លួន កន្លែងកើតហេតុខាងលើ ។ តាមព័ត៌មានឲ្យដឹងថា ការប្រើអំពើហិង្សា
នេះផ្តើមចេញពីទំនាស់ប្តីប្រពន្ធ ដោយប្តីមានស្រីហើយបានគំរាមសម្លាប់ និងចង់ប្តឹងលែងលះទៀតផង ។

មុនពេលកើតហេតុ គេឮសូរសំឡេង ២នាក់ប្តីប្រពន្ធនេះឈ្លោះប្រកែកគ្នា លុះក្រោយមកគេបានឮសំឡេងប្រពន្ធស្រែកទ្រហោយំ ក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាទៅមើល ឃើញស្ត្រីជាប្រពន្ធកំពុងទ្រហោយំក្បែរបុរសជាប្តីដែលបាត់បង់ជីវិតនៅមុខបន្ទប់ជួលរបស់ខ្លួន ។ ភ្លាមៗ អ្នកជិតខាងក៏បានរាយការណ៍ទៅ់នគរបាលមកឃាត់ខ្លួនស្ត្រីជាប្រពន្ធតែម្តង ។

តាមនគរបាលឲ្យដឹងថា បុរសរូបនេះត្រូវប្រពន្ធរឹតកសម្លាប់នឹងកូនកន្សែងពោះគោ បន្ទាប់ពីមានទំនាស់ឈានដល់ការប្រវាយប្រតប់គ្នាព្រោះតែប្តីមានស្រីហើយនាំទៅដេកនៅផ្ទះសំណាក់ក្បែរផ្ទះ ។ តាមស្ត្រីជាប្រពន្ធនិយាយថា ខ្លួនគាត់ពុំមានចេតនាសម្លាប់ប្តីទេ ខណៈមានទំនាស់គ្នានោះ ប្តីបានវាយទាត់ធាក់គាត់ហើយក៏មានការប្រវាយប្រតប់គ្នា ពេលនោះគាត់បានយកកូនកន្សែងពោះគោទៅរឹតកក៏បានបាត់បង់ជីវិតទៅ ។ ពួកគាត់បានរៀបការជាមួយគ្នា តាំងពីឆ្នាំ១៩៩០ និងមានកូនស្រីម្នាក់និងចៅ២នាក់ ។ រយៈពេលប្រមាណ១ឆ្នាំមកហើយ ដែលប្តីលួចលាក់មានស្រីក្មេង ហើយនៅយប់ថ្ងៃទី២០ ខែមករា ប្តីបាននាំស្រីមកដេកនៅផ្ទះសំណាក់ក្បែរផ្ទះ ។

ស្ត្រីជាប្រពន្ធនិយាយទៀតថា លុះព្រឹកឡើងក៏មានទំនាស់ពាក្យសម្តីគ្នាម្តងមកហើយ ហើយនៅវេលាថ្ងៃត្រង់ ពេលគាត់មកពីលក់នំបញ្ចុក វិញក៏មានទំនាស់គ្នាទៀត ដោយសារតែប្តីមានស្រីហើយសុំលែងលះគ្នា និងគំរាមកាត់ក្បាលគាត់ទៀត ។ តាមព័ត៌មានឲ្យដឹងទៀតថា ខណៈនោះក៏មានការប្រវាយប្រតប់គ្នាវាយគ្នាទៅវិញទៅមក ហើយត្រូវប្រពន្ធចាប់បោកដួលនិងយកកន្សែងរឹតកតែម្តង ៕

ប្រភព៖ https://kohsantepheapdaily.com.kh/