ក្បួនដោះបំណុលដ៏ពេញនិយមបំផុតនៅតំបន់អឺរ៉ុប ដែលអ្នកកំពុងជំពាក់បំណុល គួររៀនសូត្រតាម
ដូចដែលយើងបានឃើញហើយថា បំណុល គឺជាបញ្ហាធំដ៏ធំបំផុតមួយ ដែលធ្វើឱ្យមនុស្សស្ទើរគ្រប់គ្នានៅទូទាំងពិភពលោក ដេកមិនលក់ បក់មិនល្ហើយ គិតច្រើន ពិបាកចិត្ត កើតស្រ្តេស និងមួយថ្ងៃៗរស់ដើម្បីតែសងបំណុលគេ។ ហើយខ្ញុំជឿជាក់ថាគ្មាននរណាម្នាក់ចង់ជំពាក់បំណុលគេនោះទេ ប៉ុន្តែដោយសារតែកត្តាផ្សេងៗជាច្រើនមានដូចជា៖ ខ្ចីលុយយកទៅដោះស្រាយបញ្ហាក្នុងគ្រួសារ, ខ្ចីលុយយកទៅចាប់ ផ្តើមអាជីវកម្ម ឬពង្រីកអាជីវកម្ម និងខ្ចីលុយយកទៅប្រើប្រាស់ផ្សេងៗទៀត។
ដោយឡែកនៅតំបន់អឺរ៉ុបវិញ គឺគេកំពុងពេញនិយមខ្លាំងទៅលើក្បួនដោះស្រាយបំណុលរបស់លោក Dave Ramsey ដែលមានឈ្មោះថា Debt Snowball ហើយក្បួននេះបាន ជួយឱ្យអ្នកជំពាក់បំណុលរាប់ម៉ឺនដុល្លារអាចរំដោះខ្លួនចេញពីបំណុលបានក្នុងរយៈពេលខ្លី មិនត្រឹមតែប៉ុណ្ណោះធ្វើឱ្យពួកគេមានសេរីភាពផ្នែកហិរញ្ញវត្ថុទៀតផង។
តើអ្វីជាក្បូនដោះបំណុលតាមបែប Debt Snowball?
Debt Snowball ជាក្បួនដោះបំណុលដែលចាប់ផ្តើមពីតូចទៅធំ ឬបំណុលណាដែលមានការប្រាក់ខ្ពស់ និងទំហំកម្ចីតិចជាងត្រូវទូទាត់មុនគេ ហើយធ្វើបែបនេះរហូតដល់ដល់កម្ចីចុងក្រោយឬកម្ចីដែលមានទំហំធំជាងគេ។ ហើយនេះគឺជាក្បួនដោះបំណុលដ៏សាមញ្ញមួយ ដែលមនុស្សគ្រប់គ្នាអាចយកមកអនុវត្តន៏តាមបាន មានប្រសិទ្ធភាពខ្ពស់ និងធ្វើឱ្យអ្នកអាចគ្រប់គ្រងលុយបានល្អប្រសើរថែមទៀតផង។
តោះយើងមកមើលក្បូនដោះបំណុលដែលពេញនិយមនៅតំបន់អឺរ៉ុប ដែលមានឈ្មោះថា Debt Snowball ទាំងអស់គ្នាដូចខាងក្រោម៖
ដំណាក់កាលទី១. កត់ត្រាបំណុលទាំងអស់របស់អ្នកតាមលំដាប់លំដោយពីតូចទៅធំ ដោយមិនខ្វល់ពីអត្រាការប្រាក់។
ដំណាក់កាលទី២. ធ្វើការទូទាត់កម្ចីណាដែលមានទំហំតូចមុនគេ។ ហើយនៅក្នុងដំណាក់កាលនេះ គឺគេតម្រូវឱ្យយើងដកលុយសន្សំមួយផ្នែកតូចទៀតទុក ស្របពេលដែលយើងកំពុងបង់កម្ចីទី១។ បន្ទាប់ពីអ្នកបង់សងរួចកម្ចីទី១រួចរាល់ យើងយកលុយដែលត្រូវសង់កម្ចីទី១ បូកនឹងលុយសន្សំ យកទៅទូទាត់កម្ចីទី២បន្ត។ ហើយការធ្វើបែបនេះជាបន្តបន្ទាប់នោះអ្នកនឹងអាចដោះស្រាយបំណុលបាន ព្រមទាំងចេះក្បួនដោះស្រាយបំណុល និងចេះគ្រប់គ្រងលុយបានយ៉ាងល្អប្រសើរ។
ដំណាក់ទី៣. ធ្វើការបង់លុយឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបានទៅក្នុងកម្ចីតូចបំផុតមុនគេ ក្នុងគោលបំណងចង់ឱ្យកម្ចីតូចនោះឆាប់សងរួច។ នៅពេលណាដែលអ្នកអាចសងកម្ចីមួយរួចហើយ មានន័យថា អ្នកអាចកាត់បន្ថយបំណុលមានមួយផ្នែកតូចហើយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយ និងមានកម្លាំងចិត្តក្នុងការធ្វើវាបន្តទៅមុខទៀតដោយក្តីរីករាយ។
ផ្ទុយទៅវិញ បើអ្នកចាប់ផ្ដើមដោះបំណុលពីកម្ចីដែលមានទំហំធំមុនគេ គឺវាត្រូវការចំណាយពេលយូរទើបអាចដោះបំណុលរួច។ ប៉ុន្តែវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ខ្លួនឯងមិនអាចមានលទ្ធភាពសងបានដោយសារទឹកប្រាក់ដែលត្រូវសងវាមានចំនួនច្រើនពេក លើសពីសមត្ថភាពដែលអ្នកកំពុងមានបច្ចុប្បន្ននេះ។ ហើយចុងក្រោយអ្នកនឹងបោះបង់វា មុននឹងអ្នកបានចាប់ផ្ដើមធ្វើទៀត។
គួរបញ្ជាក់ថា៖ មុននឹងអ្នកទាំងគ្នាចាប់ផ្តើមយកក្បួនដោះបំណុលតាមបែប Debt Snowball យកទៅអនុវត្តន៍ គេតម្រូវឱ្យលោកអ្នកមានលុយចំនួន ១ពាន់ដុល្លារជាមុនសិន ទុកសម្រាប់ពេលមានគ្រាអាសន្ន (Emergency Fund) កើតឡើងដោយអ្នកមិនបានដឹងជាមុន។ ហើយប្រាក់សន្សំនេះទៀតសោតនឹងជួយការងារលោកអ្នកមិនឱ្យធ្លាក់ខ្លួនចូលទៅក្នុងបំណុលនោះម្ដងទៀត នៅពេលណាអ្នកត្រូវការប្រើប្រាស់លុយជាបន្ទាន់៕
By: Bonny From: https://www.business-cambodia.com