ក្មេងប្រុស០២នាក់ ដែលបាត់ចេញពីផ្ទះ ត្រូវបានរកឃើញទាំងមនុស្សនិងមូលហេតុពិត ព្រមទាំងបាននាំត្រឡប់មកជួបជុំ ក្រុមគ្រួសារវិញហើយ 

បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈការបង្ហោះហ្វេសប៊ុក ករណីបាត់ក្មេងប្រុស ចំនួន០២នាក់ និងពាក្យបណ្តឹង ពីសាច់ញាតិ និងក្រុមគ្រួសារ ដោយលើកឡើងថា មានករណីចាប់ក្មេងប្រុស ០២នាក់ដាក់ឡានឬចាប់ជំរិត ភ្លាមៗ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំង គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ក៏ដូចជា លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាអោយកម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយផែនព្រហ្មទណ្ឌ បេីកការស៊េីបអង្កេត ស្រាវជ្រាវ ចំពោះករណី ក្មេងប្រុសចំនួន ០២នាក់ បាត់ខ្លួនពីផ្ទះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២កន្លងទៅដោយមិនដឹងមូលហេតុច្បាស់លាស់។

ក្រោយទទួលបានបទបញ្ជានិងការណែនាំពីលោកប្រធានផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យ និងកម្លាំងនគរបាលស្រុកប្រាសាទបាគង ចែកចេញជាពីរក្រុម ចុះស្រាវជ្រាវ ប្រមូលព័ត៍មាន នៅម្តុំសាលាបឋម សិក្សាធ្លកអណ្ដូង(កន្លែងក្មេងរៀន) ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប និងនៅផ្ទះរបស់ក្មេងទាំងពីរនាក់ ដែលស្ថិតនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងបានរកតម្រុយ ឃើញថា ករណីខាងលើនេះ មិនមែនជាករណី ចាប់ជំរិតឬក៏ចាប់ក្មេងដាក់ឡាន ដូចសាច់ញាតិ និងក្រុមគ្រួសារលើកឡើងឡើយ ។នេះបើយោងតាមការបំភ្លឺ និងលទ្ធផលពិនិត្យបន្ទប់ដែលក្មេងទាំងពីររស់នៅ ឃើញមានការយកសម្លៀកបំពាក់ទៅតាមខ្លួនមួយចំនួន បោកកូនជ្រូកយកលុយសន្សំ និង កង់ដែលក្មេងៗធ្លាក់ជិះ ត្រូវបានយកទៅលក់ក្នុងតម្លៃមួយម៉ឺនរៀល ទូរសព្ទ័ដៃខលមិនចូល ទើប នគរបាលជំនាញយើង សន្និដ្ឋានបឋមថា ជាករណីគេចចេញពីផ្ទះ និង បានធ្វើការផ្សពផ្សាយ ជូនដល់ស្នងការដ្ឋានរាជធានី/ខេត្ត សុំកិច្ចសហការណ៍ រកក្មេងទាំង០២នាក់ ដែលបាត់ខ្លួននេះ ។

លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៤:៣០នាទី យើងបានទទួលព័ត៌មានថា មានការប្រទះឃើញក្មេងទាំងពីរនាក់ សង្ស័យជាក្មេងដែលបាត់ខ្លួនក្នុងខេត្តសៀមរាប នៅបរិវេណវត្តថាន់ ក្នុងរាជធានីភ្នំពេញ ។ ដោយសារមានកិច្ចសហការណ៍ល្អ រវាងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នគរបាលជំនាញបានចុះទៅឆែកកាមេរ៉ាសុវត្ថិភាព ក្នុងវត្តថាន់ និងបានយកវិដេអូមកបង្ហាញ ឪពុកម្តាយក្មេងបានបញ្ជាក់ថា រូបភាពក្មេងទាំងពីរ ពិតជាកូនប្រុសទាំងពីររបស់គាត់ពិតប្រាកដមែន តែក្មេងទាំងពីរនេះ បានបន្តដំណើរចាកចេញពីវត្តបាត់ទៅហើយ ។ទោះបីយ៉ាងណា កិច្ចការស្វែងរកក្មេងទាំងពីរនេះនៅតែបន្ត រហូតដល់វេលាម៉ោង ០៦:៣០ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ កម្លាំងនគបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសន្តិសុខកោះពេជ្រ បានរកឃេីញក្មេងប្រុសទាំង ០២នាក់ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ។

យោងតាមតាមការសាកសួរ ដោយមានការចូលរួម ពីឪពុកម្ដាយ និងលោកមេភូមិ ក្មេងប្រុសឈ្មោះ ហ៊ុន គីមហេង ភេទប្រុសអាយុ ១៤ឆ្នាំ និងឈ្មោះ ហ៑ុន វិសាល ភេទប្រុស អាយុ ៩ឆ្នាំ បានឆ្លើយបំភ្លឺថា : ការបាត់ខ្លួនរបស់ពួកគេ មិនមែនជាករណីចាប់ជំរិត ឬក៏ចាប់ចូលក្នុងឡាននោះទេ…! តែពួកគាត់បានគេចចេញពីផ្ទះ ដោយជិះរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនសុ គាន់ ទៅក្រុងភ្នំពេញ ហើយបានស្នាក់នៅតាមទីសាធារណៈ និងដេីរសុំការងារគេធ្វើ មូលហេតុ ឈ្មោះ ហ៊ុន គីមហេង រៀនអត់ចេះ ប្រលងធ្លាក់ ហើយ ខ្លាចឪពុក ម្ដាយស្ដីបន្ទោស ក៏នាំប្អូនគេចេញពីផ្ទះតែម្តង ។

បច្ចុប្បន្ន ក្មេងប្រុសទាំងពីរនាក់នេះ ត្រូវបាននាំមកជួបជុំក្រុមគ្រួសារវិញហើយ អាស្រ័យ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៍មាននិងសូមកុំជឿរ និងកុំផ្សពផ្សាយព័ត៍មានដែលគ្មានប្រភពច្បាស់លាស់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online