ក្មេងប្រុស-ស្រី៣នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីក្របីឡើងកដេញជល់ម៉ូតូ

ក្មេងប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីក្របីឡើងកដេញជល់ម៉ូតូ។ ករណីនេះបានកើតឡើង នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៧៨ ក្បែររង្វង់មូលក្រុងបានលុង ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

ក្របីឡើងក១ក្បាល បានរត់ដេញប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរនៅលើដងផ្លូវជាតិ ធ្វើឲ្យក្មេងប្រុស-ស្រីពីរនាក់បានរងរបួសធ្ងន់និងស្រាល ហើយក្មេងជំទង់ស្រីម្នាក់បានសន្លប់នៅនិងកន្លែង ដោយសារសត្វក្របីឡើងក បានរត់មកដេញជល់ម៉ូតូកំពុងតែធ្វើចរាចរណ៍លើផ្លូវ។

លោក ហួត បូរី អធិការក្រុងបានលុង បានឲ្យ ដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី១៨ ខែមេសានេះ ថា ដោយសារក្របីឡើងកចំនួន២ក្បាល បានរួចចេញពីក្នុងក្រោល ដោយសារម្ចាស់ដាក់យូពេក វាបានក្រពុលមុខដេញជល់គេឯងទៅ ប៉ុន្តែឥឡូវកម្លាំងរបស់លោក ចាប់បាន២ក្បាលមកវិញហើយ។

លោកបន្តថា ក្មេងប្រុស-ស្រីទាំង៣នាក់នោះមិនអីទេ ប៉ុន្តែលោកបានណែនាំឲ្យម្ចាស់ក្របីទៅមើលក្មេងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តហើយ។ លោកបានបញ្ជាក់ទៀតថា សូមឲ្យម្ចាស់គោនិងក្របី ត្រូវមានខ្សែចំណង កុំព្រលែងឲ្យដើរពេញផ្លូវធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរជាយថាហេតុផ្សេងៗ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online