ក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីចាប់ជំរិតដោយបុរសម្នាក់ដែលនាងបានជួបនៅលើកម្មវិធី Roblox

ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ត្រូវបានត្រលប់ទៅផ្ទះវិញ បន្ទាប់ពីនាងត្រូវបានបុរសម្នាក់ចាប់ជំរិតដែលនាងបានជួបតាមរយៈកម្មវិធីហ្គេម Roblox របស់កុមារ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC។

Roblox គឺជាហ្គេមកុមារដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ដែលអាចឱ្យអ្នកលេង លេងហ្គេមជាមួយមិត្តភ័ក្រឬមនុស្សមិនស្គាល់ ហើយដែលមានអ្នកប្រើប្រាស់ចំនួនប្រមាណ ១៥០លាននាក់ក្នុងមួយខែ។

អាជ្ញាធរបានឱ្យដឹងថាពួកគេបានចាប់ខ្លួនជនសង្ស័យឈ្មោះ Howard Graham បន្ទាប់ពីបានរកឃើញថាគាត់បានបញ្ចុះបញ្ចូលក្មេងស្រីវ័យក្មេងនេះឱ្យចាកចេញពីផ្ទះរបស់នាងក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេចាប់ផ្ដើមទំនាក់ទំនងបានតែពីរថ្ងៃនៅលើកម្មវិធី។

បុរស​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ ចាប់​ជំរិត និង​ចាប់​រំលោភ។ ការចាប់ខ្លួនបុរសរូបនេះបន្ទាប់ពី ក្មេងស្រីរងគ្រោះបានផ្ញើសារទៅកាន់ម្តាយរបស់នាងតាមរយៈ Roblox ដោយផ្តល់អាសយដ្ឋាន និងឈ្មោះហាងមួយចំនួននៅក្នុងតំបន់ដែលនាងត្រូវបានគេយកទៅ។

ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីលេងហ្គេមអនឡាញក្នុងចំណោមកុមារគឺមានភាពពេញនិយមណាស់នាពេលបច្ចុប្បន្ន ដូច្នេះអាណាព្យាបាលគួរតែស្វែងយល់អំពីមុខងារគ្រប់គ្រងការប្រើប្រាស់ (parental controls) របស់កម្មវិធីពេញនិយមមួយចំនួនសម្រាប់កុមារ ដើម្បីគ្រប់គ្រងនិងតាមដានការប្រើប្រាស់របស់ពួកគេ។ ជាងនេះទៅទៀតលោកអ្នកគួរតែធ្វើការណែនាំកុមារឱ្យយល់អំពីល្បិចកលលួងលោមរបស់ជនខិលខូច ហើយឱ្យពួកគេមានការប្រុងប្រយ័ត្នក្នុងការផ្ញើសារ ឬនិយាយជាមួយនឹងមនុស្សដែលពួកគេមិនស្គាល់៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online