ក្មេងស្រីម្នាក់ សម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារតែខឹងនឹងអាណាព្យាបាលស្តីបន្ទោស
ក្មេងស្រីម្នាក់ សម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារតែខឹងនឹងអាណាព្យាបាលស្តីបន្ទោស ករណីនេះ បានកេីតឡេីងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២៖០០ នាទីព្រឹក ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយក្មេងស្រីម្នាក់បានចងកធ្វើអត្តឃាតសម្លាប់ខ្លួន នឹងខ្សែ ទំហំ ១០លី នៅក្នុងផ្ទះទុកចោល។
ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញអធិការដ្ឋានស្រុកបូទុមសាគរ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានសហការជាមួយ លោកគ្រូពេទ្យមណ្ឌលសុខភាព និងអាជ្ញាធរភូមិ-ឃុំ បានចុះត្រួតពិនិត្យសពឈ្មោះ បៀប ម៉ូលីកា ភេទ ស្រី អាយុ ១២ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។
តាមរយៈការពិនិត្យ សពមានស្លាកស្នាមជាំ ត្រង់ក ទៅត្រចៀកម្ខាងទៅម្ខាង និងស្នាមជាំត្រង់ខ្នង និងមាត់ខាំចុងអណ្ដាត។ តាមការបញ្ជាក់ពីលោកគ្រូពេទ្យសព ពិតជាបានស្លាប់ដោយចងកធ្វើអត្តឃាតពិតប្រាកដមែន។
យោងតាមការបំភ្លឺរបស់បងស្រី និងម្ដាយសព បានបញ្ជាក់ សពបានខឹងពីការស្ដីបន្ទោសរបស់ក្រុមគ្រួសារ។
បច្ចុប្បន្ន សពប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕