ក្របួច.កបានស្រេច ចោរជាងតប្រព័ន្ធGPS
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស NX 200T មួយគ្រឿង ដែលចោរម្នាក់ជាជាងមកតភ្ជាប់ GPS ពេលម្ចាស់ភ្លេចខ្លួនក៏លួចបើករត់គេចទៅបាត់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា កន្លងមកនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ហើយម្ចាស់រថយន្តបានប្តឹងប៉ូលិសខណ្ឌឲ្យជួយអន្តរាគមន៍ នោះបានរកឃើញវិញហើយ ។

ប្រភពព័ត៌មានច្បាស់ការប្រាប់ថា នៅវេលាម៉ោង១រសៀលថ្ងៃទី២០ មករា រថយន្តខាងលើត្រូវបាននគរបាលក្រសួងមហាផ្ទៃ ប្រទះឃើញនៅក្នុងយានដ្ឋានជួសជុលរថយន្ត ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក៏បានដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន។ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ហ៊ួ ម៉េងវ៉ាង អធិការខណ្ឌ ដាក់កម្លាំងឃ្លាំមើលរហូតដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២០ ខែមករា ក៏លេចមុខជនសង្ស័យមកមើលរថយន្តក៏ត្រូវនគរបាលឃាត់ខ្លួនបានតែម្តង ។
រថយន្ដដែលចោរលួចនេះម៉ាកឡិចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-6695 មានម្ចាស់ឈ្មោះ សាញ់ ចិន្តា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ។ ចំណែកកូនស្រី ជាអ្នកប្រើប្រាស់រថយន្តខាងលើ ឈ្មោះ សន សុីវហុង អាយុ២៥ឆ្នាំ ។ ជនសង្ស័យជាចោរលួចរថយន្ត ឈ្មោះ ខន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម ជាជាងត GPS ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្ត កាលពីបម្រើការងារជាជាងតប្រព័ន្ធGPS នៅក្រុមហ៊ុនខេជី បានលួចរថយន្តឡិចសុីសRX300 របស់អតិថិជនម្តងហើយ តែម្ចាស់រកឃើញវិញ ។ ជនសង្ស័យរត់គេចខ្លួនបាត់ ម្តងហើយកាលពីអំឡុងឆ្នាំ២០១៩ ហើយខាងក្រុមហ៊ុនក៏ប្រកាសលែងទទួលស្គាល់បុគ្គលិករូបនេះដែរ ខណៈសមត្ថកិច្ចក៏តាមស្វែងរកចាប់ខ្លួនផងដែរ តែរកមិនឃើញ ។ក្រោយមកជនសង្ស័យបានបន្លំខ្លួនមកធ្វើការងារឱ្យក្រុមហ៊ុនថ្មីមួយទៀត ស្រាប់តែមកធ្វើសកម្មភាពលួចរថយន្តឡិចសុីស200T មួយគ្រឿងខាងលើ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ គេចខ្លួនបានទៀត ។
ស្រាប់តែនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ រថយន្តខាងលើ ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ប្រទះឃើញនៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលជនសង្ស័យយកមកដើម្បីប្តូរពណ៌ ហើយសមត្ថកិច្ចបានដកហូតរថយន្តទៅរក្សាទុក ។ រីឯកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ហ៊ួរ ម៉េងវ៉ាង ដាក់កម្លាំងឃ្លាំចាំមើល ទីតាំងយានដ្ឋាន រហូតដល់វេលាម៉ោង៩និង៣០នាទីយប់លេចមុខជនសង្ស័យឈ្មោះ ខន ពន្លក មកដល់ក៏ចាប់ឃាត់ខ្លួនប្រគល់ជូនលោក មន វុធី អធិការខណ្ឌពោធិសែនជ័យដើម្បីយកជនសង្ស័យទៅបន្តនីតិវិធី ។

បើតាមចម្លើយសារភាព ជនសង្ស័យពេលលួចរថយន្តបានហើយ បើកចេញតាមរង្វង់មូលចោមចៅយករថយន្តទៅលាក់ទុកនៅផ្ទះរបស់ប្រពន្ធ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខដោយដោះស្លាកលេខចេញ លាក់ទុកក្រោមកៅអី ។ នៅរសៀលថ្ងៃទី២០ ខែមករា នោះ ក៏បើករថយន្តទៅឲ្យជាងប្តូរយកពណ៌ខ្មៅនៅយានដ្ឋានខាងលើ លុះដល់យប់ថ្ងៃដដែល ទៅមើលរថយន្តត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខចាប់ខ្លួនបានតែម្តង ។
ទាក់ទិននឹងប្រវត្តិជនខិលខូចបែបនេះជាសារមួយសម្រាប់ក្រុមហ៊ុននានាត្រូវតែប្រុងប្រយ័ត្នក្នុងការជ្រើសរើសបុគ្គលិកធ្វើការ ដូចករណីជនខាងលើនេះក្រុមហ៊ុនមួយបដិសេធក៏មានក្រុមហ៊ុនមួយទៀតទទួលឱ្យធ្វើការដូចទទួលយកចោរមកត្បៀតឃ្លៀកប្រៀបដូចជាបើកឱកាសឱ្យជនខិលខូចបែបនេះប្រព្រឹត្តបទល្មើសសាជាថ្មី ៕



ប្រភព៖ https://kohsantepheapdaily.com.kh/